(វ៉ាស៊ីនតោន)៖​ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) នឹងបំពេញ​ដំណើរទស្សកិច្ចជា​លើកដំបូង​របស់លោក ទៅកាន់​ទីក្រុងប៉េកាំង នៅក្នុង​សប្ដាហ៍នេះ ខណៈភាពតានតឹង​រវាងប្រទេសទាំងពីរ​កំពុងកើនឡើង ហើយ​សហរដ្ឋអាមេរិក​ត្រូវការការគាំទ្រពី​ចិនជាចំាបាច់​ ដើម្បីរំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ​ ថ្លែងនៅចំពោះមុខអ្នក​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) លោក Mattis ចង់ចាត់​វិធានការលើ មហិច្ឆតាយុទ្ធសាស្ត្រ​របស់ចិន ជុំវិញការដាក់​ពង្រាយបរិក្ខាយោធា​ នៅឯតំបន់​ជម្លោះក្នុងសមុទ្រ​ចិន​ខាងត្បូង និងការពង្រីក​ឥទ្ធិពលនៅ​តំបន់ប៉ាស៊ីហ្វិក។ តែយ៉ាង​ណាក៏ដោយ ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល ០៤ថ្ងៃ ក្នុងនោះ​រួមមានទាំងប្រទេស​កូរ៉េខាងត្បូង និងជប៉ុន ប្រមុខមន្ទីរ​បញ្ចកោណ​រូបនេះ នៅតែអះអាង​ដដែលពី​ក្ដីសង្ឃឹមថា នឹងទទួលបាន​ការប្ដេជ្ញា​ចិត្តពីចិន ក្នុងការដាក់​សម្ពាធឱ្យ​កូរ៉េខាងជើង បោះចោល​អាវុធនុយក្លេអ៊ែរ ក្រោយជំនួប​ជាប្រវត្តិសាស្ត្ររវាង​លោក ដូណាល់​ ត្រាំ និងលោក គីម ជុនអ៊ុន ក្នុងប្រទេស​សិង្ហបុរី កាលពី ថ្ងៃទី១២ ខែមិថុនា​កន្លងទៅ។

គួរបញ្ជាក់ថា លោក James Mattis នឹងផ្ដើមទស្សនកិច្ច​នៅក្នុងទីក្រុង​ប៉េកាំង ពីថ្ងៃអង្គារដល់​ថ្ងៃព្រហស្បតិ៍ ដើម្បីជួបពិភាក្សា​ជាមួយ​មន្ត្រីយោធាជាន់​ខ្ពស់ចិន មុននឹងបន្តដំណើរ​ទៅកាន់ទីក្រុង​សេអ៊ូល ជួបជាមួយរដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) ព្រមទាំងជួបជា​មួយរដ្ឋមន្ត្រីការពារជាតិ​ជប៉ុនលោក អ៊ីតស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) នៅថ្ងៃសុក្រ។

បន្ថែមពីលើនេះ នៅក្នុងជំនួប​ជា​មួយសមភាគី​ជប៉ុន និង​កូរ៉េខាងត្បូង លោក Mattis ក៏ត្រូវបានគេរំពឹង​ផងដែរនឹងធានា​ពីការពារសុវត្ថិភាព​ចំពោះទីក្រុងសេអ៊ូល និងទីក្រុង​តូក្យូ ក្រោយទីក្រុងវ៉ាស៊ីនតោនប្រកាសផ្អាកការធ្វើសមយុទ្ធយោធា​រួមគ្នា​ទ្រង់ទ្រាយធំ​ ជាមួយកូរ៉េខាងត្បូង៕