(អង់ការ៉ា)៖ ទីបំផុតប្រធានាធិបតីតួកគីកំពុងកាន់អំណាច លោក រេសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) ត្រូវបានគេប្រកាសជាផ្លូវការថា បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីក្នុងជុំទីមួយតែម្តង ប៉ុណ្ណោះ ដោយពុំចាំបាច់មានការបោះឆ្នោតមួយជុំទៀតឡើយ ព្រោះលោកទទួលបានសំឡេងគាំទ្រច្រើនជាងពាក់កណ្តាល នៃចំនួនសន្លឹកឆ្នោតសរុប ដែលអាចនិយាយបានថា ជាសំឡេងភាគច្រើនលើសលប់។ នេះបើតាមការបញ្ជាក់ពីប្រធានស្ថាប័នរៀបចំការបោះឆ្នោតតួកគី ដកស្រង់ខ្លឹមសារដោយសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯទីក្រុងអង់ការ៉ា លោក សាឌី ហ្គូវិន (Sadi Guven) ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត នៃប្រទេសតួកគីបានឲ្យដឹងថា ប្រធានាធិបតី លោក Erdogan ទទួលបានសំឡេងភាគច្រើនដាច់ខាត នៃសន្លឹកឆ្នោតផ្លូវការទាំងអស់ ប៉ុន្តែមិនបានបញ្ជាក់លម្អិត ឬផ្តល់តួលេខជាក់លាក់ នៅក្រោយការបោះឆ្នោត កាលពីថ្ងៃអាទិត្យនោះទេ។
ជាមួយគ្នានេះ បើតាមលទ្ធផលដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu ដែលផ្អែកលើទិន្នន័យបានមកពីគណៈកម្មាធិការខាងលើ លោក Erdogan ក៏បានឈ្នះសំឡេងភាគច្រើន នៃសន្លឹកឆ្នោតទាំងអស់ផងដែរ។ មុនការប្រកាសលទ្ធផលផ្លូវការទីភ្នាក់ងារ Anadolu បានរាយការណ៍ថា លោក Erdogan ទទួលជ័យជម្នះក្នុងសំឡេង ៥២.៥ភាគរយ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ខណៈគូប្រជែងធំជាងគេរបស់លោក គឺលោក មូហារ៉េម អ៊ីញ (Muharrem Ince) ទទួលបាន ៣១.៧ភាគរយ ដោយលទ្ធផលទាំងនេះ យោងទៅលើការរាប់សន្លឹកឆ្នោតបាន ៩៩ភាគរយ។ ម៉្យាងវិញទៀត គណៈកម្មាធិការបោះឆ្នោតតួកគី ក៏នឹងបញ្ចេញលទ្ធផលលម្អិតចុងក្រោយ នៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ។
គួរជម្រាបថា សម្រាប់ការបោះឆ្នោតសភា ដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញដូចគ្នានោះ គណបក្សកាន់អំណាច AKP របស់លោក Erdogan ក៏បានទទួលបានជ័យជម្នះផងដែរ គឺប្រមាណ ៤២.៤ភាគរយ ហើយបក្ស MHP ដែលជាសម្ព័ន្ធមិត្តនឹងគ្នាទទួលបានជិត ១១.២ភាគរយ ថែមទៀត ក្រោយសន្លឹកឆ្នោត ៩៨ភាគរយ ត្រូវបានរាប់។ សម្រាប់ការបោះឆ្នោតទាំងពីរ ចំនួនប្រជាជនដែលបានចូលរួមបោះឆ្នោត គឺមានដល់ ៨៧ភាគរយ ឬស្មើនឹងជាង ៥៩លាននាក់ រួមទាំងជនជាតិតួកគីកំពុងនៅក្រៅប្រទេស។
ដំបូងឡើយ ប្រសិនបើក្នុងចំណោមបេក្ខភាពឈរឈ្មោះប្រកួតប្រជែង យកតំណែងប្រធានាធិបតីទាំង ០៦នាក់ ពុំមាននរណាម្នាក់ ទទួលបានសំឡេងគាំទ្រលើសពី ៥០ភាគរយ នៅជុំទីមួយនាថ្ងៃអាទិត្យម្សិលមិញទេនោះ ការបោះឆ្នោតជុំទីពីរ នឹងត្រូវធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃទី០៨ ខែកក្កដាខាងមុខ៕