(ស៊ីរី)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ បានអះអាងថា លោកនឹងមិនទទួលយកជំនួយហិរញ្ញវត្ថុ ពីប្រទេសលោកខាងលិច មកកសាងប្រទេសឡើងវិញឡើយ ហើយថែមទាំងព្រមានផងដែរថា កងទ័ពស៊ីរី នឹងប្រើកម្លាំងវាយយកទឹកដីភាគខាងជើងមកវិញ បើសិនជាក្រុមឧទ្ទាមមិនព្រមចុះចាញ់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
លោក អាសាដ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរស្សន៍រុស្ស៊ី NTV កាលពីថ្ងៃអាទិត្យ។ លោក អាសាដ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានជម្រើសពីរ ដោយ ជម្រើសទីមួយ និងមានសារៈសំខាន់បំផុតនោះ គឺការផ្សះផ្សាជាតិ រីឯជម្រើសទីពីរ គឺបើកការវាយប្រហារត្រង់ៗលើពួកភេរវករ បើសិនជាពួកគេមិនព្រមចុះចាញ់ និងមិនចង់បានសន្តិភាព។ លើសពីនេះទៅទៀត យើងនឹងតស៊ូប្រយុទ្ធជាមួយនឹងពួកគេ (ពួកឧទ្ទាម) ដើម្បីគ្រប់គ្រងប្រទេសឡើងវិញ បើទោះជាយើងដឹងថា នេះមិនមែនជាជម្រើសល្អក៏ដោយ តែវាជាផ្លូវតែមួយគត់ឆ្ពោះទៅរកការគ្រប់គ្រងប្រទេសឡើងវិញ»។
គួរបញ្ជាក់ថា នៅពេលត្រូវបានអ្នកសារព័ត៌មានសួរ ពាក់ព័ន្ធនឹងការកសាងប្រទេសឡើងវិញ លោក បាស្សា អាល់ អាសាដ បានឆ្លើយតបថា លោកនឹងមិនទទួលជំនួយហិរញ្ញវត្ថុ ពីប្រទេសលោកខាងលិចឡើយ ដោយសំអាងថា រដ្ឋាភិបាលរបស់លោកមានកម្លាំងគ្រប់គ្រាន់ ក្នុងការស្ដារប្រទេសជាតិ ហើយថា បើខ្វះលុយស៊ីរីអាចខ្ចីពីប្រទេសជាមិត្ត ឬប្រជាជនស៊ីរីនៅក្រៅប្រទេសបាន៕