(ហាណូយ)៖ គ្រោះទឹកជំនន់ និងបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង កាលពីអំឡុងចុងសប្តាហ៍កន្លងទៅនេះ នៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្ស ០៧នាក់បាត់បង់ជីវិត និង១២នាក់បាត់ខ្លួន។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរវៀតណាម ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងចំណោមអ្នកបាត់បង់ជីវិត មាន០៥នាក់នៅខេត្តឡៃចូវ (Lai Chau) និង០២នាក់ទៀតនៅខេត្ត ហាគាំង (Ha Giang) ខណៈជនទាំងអស់ដែលកំពុងបាត់បង់ខ្លួនគិតត្រឹមព្រឹកថ្ងៃចន្ទនេះ សុទ្ធតែមកពីខេត្ត Lai Chau ក្នុងនោះមាន០៩នាក់នៅស្រុក ស៊ីនហូ (Sin Ho)។ នៅខេត្ត Lai Chau គ្រោះធម្មជាតិអាក្រក់ៗខាងលើនេះ បានបំផ្លិចបំផ្លាញលំនៅឋានរាប់រយខ្នង ព្រមទាំងបង្កការខូចខាតដល់កំណាត់ផ្លូវជាតិមួយចំនួន និងបង្កឲ្យមានការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរថែមទៀត។
គួរជម្រាបថា សរុបមកគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅភាគខាងជើងវៀតណាមនេះ បានបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ គិតជាទំហំទឹកប្រាក់ប្រហែល ៧៦.៦ពាន់លានដុង ស្មើនឹងជិត ៣.៤លានដុល្លារអាមេរិក នៅក្នុងខេត្តចំនួន ០៤ រួមមាន Lai Chau, Ha Giang, ឡាវកៃ (Lao Cai) និង ថៃង្វៀន (Thai Nguyen)៕