(អាមេរិក)៖ Blue Origin ដែលជាក្រុមហ៊ុនទេសចរណ៍ផ្នែកអវកាសបង្កើតឡើងដោយមហាសេដ្ឋីលោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមលក់សំបុត្រសម្រាប់ការធ្វើដំណើរកម្សាន្តនៅទីអវកាស ចាប់ពីឆ្នាំ២០១៩តទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Fortune នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
កាលបរិច្ឆេទខាងលើនេះ ត្រូវបានធ្វើឡើងចេញពីមាត់របស់ថ្នាក់ដឹកនាំមួយរូបនៅក្នុងក្រុមហ៊ុន Blue Origin គឺលោក រ៉ូប មែយើសុន (Rob Meyerson) ប៉ុន្តែលោកពុំបានបញ្ជាក់ថា តើសំបុត្រទៅធ្វើទេសចរណ៍នៅអវកាសនេះ នឹងថ្លៃដល់កម្រិតណានោះឡើយ នៅពេលពួកវាត្រូវបានដាក់ចេញលក់។ ជាមួយគ្នានេះ Blue Origin ក៏កំពុងគ្រោងធ្វើតេស្តបាញ់បង្ហោះសាកល្បងនូវគ្រាប់រ៉ុក្កែត ញូសេផាដ (New Shepard) របស់ខ្លួន ដោយមានមនុស្សផងដែរ នាពេលឆាប់ៗខាងមុខ។
គួរជម្រាបថា សម្រាប់ពេលនេះ Blue Origin មិនទាន់មានមហិច្ឆតាដល់ក្រុមហ៊ុន SpaceX របស់លោក អេឡន ម៉ាសក៍ (Elon Musk) ឡើយ ដែលទើបតែទទួលបានកុងត្រាយោធាដ៏សំខាន់មួយ សម្រាប់គ្រាប់រ៉ុក្កែត Falcon Heavy របស់ខ្លួន។ រ៉ុក្កែត New Shepard របស់ Blue Origin បើធៀបនឹង Falcon Heavy ឬក៏សូម្បីតែ Falcon 9 គឺមានទំហំតូចមែនទែន ហើយវាមានកម្រិតហោះហើរដល់រយៈពេលកម្ពស់ទាបជាងឆ្ងាយ ធៀបនឹងកម្រិតរយៈកម្ពស់នៃគ្រាប់រ៉ុក្កែតទាំងពីររបស់ SpaceX៕