(ប៉ារីស)៖ សមាជិកចំនួន០៩ នៃសហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទសប្តាហ៍នេះ នឹងធ្វើការសម្រេចជាផ្លូវការនូវគម្រោង «បង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុប» ដោយមានចក្រភពអង់គ្លេស ជាអ្នកគាំទ្រចំណាត់ការនេះបានអះអាងថា ជាមធ្យោបាយដើម្បីរក្សាទំនាក់ទំនងយោធា ឲ្យនៅតែរឹងមាំជាមួយ EU នៅក្រោយ Brexit (ការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
កងកម្លាំងខាងលើដែលត្រូវគេស្គាល់ថា ជាកងអន្តរាគមន៍អឺរ៉ុប និងមានការជ្រោមជ្រែងយ៉ាងពេញទំហំពីសំណាក់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នោះ ត្រូវបានគ្រោងធ្វើឡើងក្រោមចេតនាធ្វើយ៉ាងណា អាចត្រូវបានដាក់ពង្រាយក្នុងកម្រិតយ៉ាងរហ័ស ដើម្បីដោះស្រាយវិបត្តិផ្សេងៗ។ បើតាមរដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី ហ្វ្លររែន ផាលី (Florence Parly) លិខិតប្រកាសពីគោលបំណងមួយ នឹងត្រូវចុះហត្ថលេខានៅឯប្រទេស លុចហ្សំបួរ (Luxembourg) នាថ្ងៃចន្ទនេះដោយប្រទេស បារាំង អាល្លឺម៉ង់ បែលហ្សិក ចក្រភពអង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស៉្បាញ និងព័រទុយហ្គាល់។
គម្រោងខាងលើនេះ រួមពាក់ព័ន្ធទៅនឹងការសហការដើម្បីទប់ទល់នឹងវិបត្តិ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប រួមមានគ្រោះមហន្តរាយធម្មជាតិ, ការធ្វើអន្តរាគមន៍ក្នុងវិបត្តិអ្វីមួយ, ឬការជម្លៀសខ្លួនប្រជាជន។ វានឹងដាច់ដោយឡែកពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិដទៃទៀតរបស់ EU ដោយមានន័យថា ចក្រភពអង់គ្លេស នឹងពុំមានបញ្ហាឡើយដើម្បីចូលរួម ក្រោយពីខ្លួនចាកចេញពី EU។
គួរជម្រាបថា សហភាពអឺរ៉ុប ធ្លាប់មានអង្គភាពយោធាចំរុះចំនួន ០៤ គិតចាប់តាំងពីឆ្នាំ២០០៧មក ប៉ុន្តែដោយសារតែការខ្វែងគំនិតគ្នាផ្នែកនយោបាយ កងកម្លាំងទាំងនោះ ពុំដែលត្រូវបានដាក់ពង្រាយនោះឡើយ៕