(ញូដេលី)៖ ឥណ្ឌាបានជាប់ឈ្មោះក្លាយជាអ្នកខ្ចីលុយច្រើនជាងគេបង្អស់ របស់ធនាគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB របស់ចិនដោយក្នុងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ខ្លួនបានខ្ចីប្រាក់ដើម្បីផ្តត់ផ្គង់ដល់គម្រោងផ្សេងៗក្នុងទំហំដល់ទៅ ៤.៤ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់ពីលោក ចាន់ដ្រា ហ្គាក (Chandra Garg) រដ្ឋលេខាធិការកិច្ចការសេដ្ឋកិច្ចឥណ្ឌា ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ការបញ្ជាក់ឲ្យដឹងខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទីបីរបស់ធនាគារ AIIB កំពុងរៀបចំប្រព្រឹត្តទៅនៅឯទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌានាថ្ងៃចន្ទនេះ។ កិច្ចប្រជុំរយៈពេល ០២ថ្ងៃនេះ នឹងផ្តោតសំខាន់ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្រោមប្រធានបទកិច្ចសហប្រតិបត្តិការ និងគំនិតច្នៃប្រឌិត។ ម៉្យាងវិញទៀតវានឹងមានការចូលរួមពីសមាជិកចំនួន ៨៦ប្រទេស។
អគ្គនាយករងរបស់ AIIB បានឲ្យដឹងថា ធនាគារនេះពុំមានចំណាប់អារម្មណ៍ចំពោះរឿងនយោបាយឡើយ ហើយរាល់គម្រោងទាំងអស់ត្រូវតែឆ្លងកាត់ការធ្វើតេស្តរបស់ធនាគារ ជុំវិញបញ្ហាបរិស្ថាន និងនិរន្តរភាព ហើយលោកបានបន្ថែមថា AIIB នឹងពិចារណាទៅលើការវិនិយោគក្នុងគម្រោងនៅក្រៅតំបន់អាស៊ីថែមទៀតផង។
គួរជម្រាបថា ខណៈ៧៥ភាគរយនៃមូលធនគឺបានមកពីអាស៊ី តំបន់ផ្សេងទៀតដូចជា អឺរ៉ុប អាមេរិកខាងជើង និងប្រទេសមួយចំនួននៅអាហ្រ្វិកខាងកើត និងអាមេរិកឡាទីន ក៏បានចូលរួមជាសមាជិករបស់ធនាគារចិននេះផងដែរ៕