(អាមេរិក)៖ ទីភ្នាក់អវកាស NASA បានបញ្ចេញគម្រោងរបស់ខ្លួនស្តីពីការទិញយកកំណាត់ម៉ាស៊ីនដំបូង សម្រាប់ស្ថានីយច្រកទ្វារអវកាស Gateway ដែលនឹងត្រូវកសាងឡើងនៅគន្លងគោចរជុំវិញឋានព្រះច័ន្ទ ចំពោះមុខការរិះគន់ជាច្រើនពីអវកាសយានិកជើងចាស់ និងអ្នកជំនាញមួយចំនួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Geek Wire នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ឯកសារព្រាងមួយដែលទើបតែបញ្ចេញនាពេលថ្មីៗនេះ បានអំពាវនាវដល់បណ្តាក្រុមហ៊ុនឯកជន ដែលជាដៃគូសហការរបស់ NASA ឲ្យធ្វើការសាងសង់នូវបេក្ខភាពមួយ ឬច្រើន ដើម្បីបម្រើជាម៉ាស៊ីនផ្តល់ថាមពល និងម៉ាស៊ីនចលនា សម្រាប់ស្ថានីយច្រកផ្លូវអវកាស Gateway ដែលនឹងត្រូវបង្ហោះឡើងទៅកាន់ទីអវកាសនៅឆ្នាំ២០២២។
គួរជម្រាបថា កាលពីឆ្នាំមុនក្រុមហ៊ុនឯកជនចំនួន ០៥ បានទទួលការឧបត្ថម្ភដើម្បីធ្វើការសិក្សាផ្សេងៗ ដើម្បីវិភាគថា តើអ្វីខ្លះត្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍម៉ាស៊ីនផ្តល់ថាមពល និងធ្វើចលនាក្នុងនោះរួមមាន Boeing, Lockheed Martin, Oribital ATK (បច្ចុប្បន្នស្ថិតនៅក្រោមក្រុមហ៊ុន Northrop Grumman), Sierra Nevada Corp., និង Space Systems/Loral។
បច្ចុប្បន្ននេះអង្គការ NASA កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើ Gateway ដើម្បីដើរតួជាជំហានដំបូង នៅក្នុងកិច្ចប្រឹងប្រែងបង្កើតមូលដ្ឋានអចិន្រ្តៃយ៍នៅលើផ្ទៃឋានព្រះច័ន្ទ ព្រមទាំងបញ្ជូនក្រុមអវកាសយានិកទៅកាន់ភពអង្គារ (Mars) ដោយស្របទៅតាមគោលករណ៍ផ្នែកអវកាស Directive 1 របស់សេតវិមានអាមេរិក។
ជាមួយគ្នានេះ NASA ក៏បាននិងកំពុងប្រមែប្រមូលប្រទេសដទៃទៀតផងដែរ រួមមានទាំងរុស្ស៊ី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅលើគម្រោង Gateway ស្របពេលដែល NASA កាត់បន្ថយតួនាទីរបស់ខ្លួន នៅក្នុងស្ថានីយអវកាសអន្តរជាតិ ISS។ គម្រោងស្ថានីយ Gateway ក៏ធ្លាប់ត្រូវបានគេស្គាល់ដោយឈ្មោះដទៃទៀតរួមមាន Deep Space Gateway ឬ Lunar Orbital Platform - Gateway ហៅកាត់ថា LOP-G៕