(ចិន)៖ មន្ត្រីខេត្តជឺជាំង ប៉ែកខាងកើតប្រទេសចិន នាសប្តាហ៍មុន បានចុះអនុស្សរណៈយោគយល់គ្នាមួយ ជាមួយអាជ្ញាធរប្រទេសគុយបា នៅរដ្ឋធានី ហាវ៉ាណា ដើម្បីជំរុញចំណងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ឯកសារនេះ ទទូចឱ្យមានសហប្រតិបត្តិការ «លើការអភិវឌ្ឍអាជីវកម្ម ការដោះដូរ និងផ្តល់ព័ត៌មានទ្វេភាគី ដោយមានសកម្មភាពវិនិយោគ និងពាណិជ្ជកម្មដែលរចនាឡើង ដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ»។
លោក រ៊ូបិន រ៉ាម៉ូស អនុប្រធានសភាពាណិជ្ជកម្មគុយបា «ចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតទី២របស់យើង និងជាទិសដៅនាំចេញទំនិញដ៏សំខាន់បំផុតមួយរបស់យើង។ ដូច្នេះ ប្រទេសទាំងពីរ មានសហប្រតិបត្តិការដ៏សំខាន់លើវិស័យដឹកជញ្ជូន ថាមពលពន្លឺព្រះអាទិត្យ កសិកម្ម ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត»។
ភាគីទាំងពីរ បានបើកសន្និបាតពាណិជ្ជកម្មរយៈពេល២ថ្ងៃ នាថ្ងៃច័ន្ទសប្តាហ៍មុន ដោយមានអ្នកតំណាងមកពី៣២ក្រុមហ៊ុន មកពីខេត្តជឺជាំង និងគុយបា ដើម្បីពិភាក្សាស្វែងរកសក្តានុពល សម្រាប់ធ្វើសហប្រតិបត្តិការ។
បើទោះជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរក៏ដោយ ក៏អ្នកជំនាញមួយចំនួន នៅតែយល់ថា កំណើនពាណិជ្ជកម្ម អាជីវកម្ម និងការវិនិយោគ នៅតែមានល្បឿនយឺត។
សេដ្ឋកិច្ចវិទូគុយបា លោក អូម៉ា អេវ័រឡេនី និយាយថា ទំហំពាណិជ្ជកម្មរបស់គុយបាជាមួយចិន នៅតែស្ថិតក្នុងកម្រិតថេរ អស់រយៈពេល១០ឆ្នាំមកហើយ។ លោកយល់ថា ចិននិងបណ្តាប្រទេសនៅទ្វីបអាស៊ីផ្សេងទៀត គួរតែមានវត្តមានឱ្យកាន់តែច្រើនជាងនេះ នៅក្នុងសេដ្ឋកិច្ចគុយបា។
លោក លោក អូម៉ា អេវ័រឡេនី សេដ្ឋកិច្ចវិទូគុយបា បានថ្លែងថា «ទំហំពាណិជ្ជកម្មជាមួយចិន គឺនៅទ្រឹងត្រឹមប្រហែល២ពាន់លានដុល្លារអាមេរិកនេះឯង។ វាជារឿងសំខាន់សម្រាប់ពួកយើង។ យើងមិនអាចដាក់ពងទាំងអស់ ក្នុងកន្ត្រកតែមួយបានទេ។ បើទោះជាយើងនៅជិតនិង មានថ្លៃចំណាយទាបជាមួយអាមេរិកក៏ដោយ ក៏យើងមិនអាចពឹងផ្អែកលើទីផ្សារតែមួយ ដូចដែលយើងធ្លាប់ធ្វើកាលពីមុនពេលមានបដិវត្តនោះទេ។ ក្នុងពិភពលោកថ្មីនេះ ទ្វីបអាស៊ីដើរតួនាទីសំខាន់ណាស់»៕ (សារព័ត៌មាន CCTV របស់ចិន)