(វ៉ាស៊ីនតោន)៖ ខណៈការរិះគន់កាន់តែឡើងកម្តៅទាំងក្នុងសហរដ្ឋអាមេរិក និងពីសំណាក់សហគមន៍អន្តរជាតិនោះ ការគ្រាន់តែបញ្ឈប់អនុវត្តន៍នយោបាយអន្តោប្រវេសន៍ នៅមិនទាន់គ្រប់គ្រាន់នោះឡើយ ដោយពេលនេះលោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយផ្ទាល់ថែមទៀត ឲ្យសមត្ថកិច្ចបញ្ជូនជនអន្តោប្រវេសន៍ដែលបានចូលមកអាមេរិកដោយខុសច្បាប់នោះ ចេញពីទឹកដីអាមេរិកជាបន្ទាន់ «ដោយមិនចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ ឬប្រព័ន្ធតុលាការអ្វីឡើយ» ប៉ុន្តែលោកនៅតែគាំទ្រ នយោបាយអន្តោប្រវេសន៍កន្លងមកជានិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅក្នុង Twitter របស់លោក យ៉ាងដូច្នេះថា «យើងមិនអាចបណ្តោយឲ្យមនុស្សទាំងនោះ ឈ្លានពានប្រទេសយើងបានទៀតទេ។ នៅពេលដែលពួកគេចូលមកកាន់ទីនេះ យើងត្រូវតែបញ្ជូនពួកគេចេញទៅកាន់កន្លែងដើមវិញភ្លាមៗដោយមិនចាំបាច់យកទៅ កាត់ក្តី ឬក៏ឡើងតុលាការ នោះឡើយ។ ប្រព័ន្ធដែលយើងអនុវត្តន៍នេះ គឺជាជំហរមួយទៅកាន់គោលនយោបាយអន្តោប្រវេសន៍ និងច្បាប់ ព្រមទាំងសណ្តាប់ធ្នាប់ដ៏ល្អ។ ក្មេងៗភាគច្រើនបានមកទីនេះ ដោយគ្មានឪពុកម្តាយមកជាមួយនោះឡើយ...»។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសអំពីផែនការមួយក្នុងការអនុញ្ញាតឲ្យក្មេងៗអន្តោប្រវេសន៍ អាចជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញនៅក្នុងមណ្ឌលឃុំឃាំង ក្នុងរដ្ឋតិចសាស់ ដែលជាប់ព្រំដែនជាមួយប្រទេសម៉ិចស៊ីកូនោះ។ ទោះបីជាបែបនេះក្តី ក្រោយមកទៀតក្រសួងសន្តិសុខមាតុភូមិអាមេរិកបានតបទៅលោក ត្រាំ វិញថា វាមិនអាចកើតឡើងទៅរួចនោះឡើយ លុះត្រាណាតែឪពុកម្តាយដែលជាប់ឃុំខ្លួននោះ ត្រូវបញ្ចូនចេញពីសហរដ្ឋអាមេរិករួចរាល់ជាមុនសិន។
គួររំលឹកបន្ថែមទៀតថា គោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ នេះត្រូវបានអនុវត្តន៍មកជាង ១០ខែមកហើយ ប៉ុន្តែរយៈពេលជាងមួយខែមុនការប្រកាសផ្អាកនយោបាយដ៏ចម្រូងចម្រាសកាលពីថ្ងៃពុធសប្តាហ៍មុននេះ ប្រតិបត្តិការបង្ក្រាបនឹងចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់បានវិវត្តន៍កាន់តែក្តៅគគុកឡើងៗ ដោយក្មេងៗយ៉ាងហោចណាស់ ៤៥នាក់ ត្រូវបានពង្រាត់យកទៅឃុំខ្លួនដាច់ពីឪពុកម្តាយក្នុងមួយថ្ងៃៗ ដែលជាហេតុនាំឲ្យការរិះគន់ និងថ្កោលទោសផ្ទុះឡើងពាសពេញពិភពលោកតែម្តង៕