(ហ្ស៊ីមបាវ៉េ)៖ ប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក អ៊ែមម៉ឺសុន ម៉ាណាងហ្គាវ៉ា (Emmerson) Mnangagwa បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើង តាមការគ្រោងទុកនៅថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ បើទោះជាលោកអះអាងថា មានការប៉ុនប៉ងធ្វើឃាតរូបលោកកាលពីថ្ងៃសៅរ៍ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មនុស្សយ៉ាងហោចណាស់ ៤១នាក់ បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះមួយ នៅអំឡុងពិធីជួបជុំក្នុងទីក្រុង ប៊ូឡាវ៉ាយ៉ូ (Bulawayo) ដែលកើតឡើងនៅចំងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីលោក Mnangagwa ខណៈរូបលោកចុះពីលើវេទិកា។ ប៉ុន្តែមិនមាន ទាន់មានការបញ្ជាក់លម្អិត ពីហេតុការណ៍ផ្ទុះនេះនៅឡើយទេ រីឯប្រធានាធិបតីហ្ស៊ីមបាវ៉េរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា អំពើហិង្សានេះគ្មានន័យអ្វីទាំងអស់ ហើយថាវាដល់ពេលហើយ ដែលប្រជាជនហ្ស៊ីមបាវ៉េត្រូវរួបរួមគ្នា។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ គឺជាការបោះឆ្នោតប្រធានាធិបតីដំបូងបំផុត គិតចាប់តាំងពីការទម្លាក់ លោក រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) ដែលជាមេដឹកនាំបានកាន់អំណាចយូរជាងគេនៅទ្វីបអាហ្វ្រិកចេញពីអំណាច៕