(អង់ការ៉ា)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ិនហួរ ចេញផ្សាយឲ្យដឹងថា លោក Recep Tayypi Erdogan បានប្រកាសអំពីជ័យជំនះរបស់លោកក្នុងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតី បន្ទាប់ពីប្រជាពលរដ្ឋតួកគីនាថ្ងៃអាទិត្យ ទី២៤ ខែមិថុនា បានទៅចូលរួមបោះឆ្នោត។
នៅថ្ងៃអាទិត្យប្រជាជនតួកគីចំនួនប្រមាណ៥៦.៣លាននាក់ មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា នាថ្ងៃអាទិត្យនេះ ដោយក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋតួកគី ប្រហែល៣លាននាក់ ដែលកំពុងរស់នៅឯក្រៅប្រទេស។ សម្រាប់បេក្ខភាពឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីវិញគឺមានចំនួន៦រូប។ ប្រសិនបើពុំមានបេក្ខភាពណាមួយ ទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយ នៅជុំទីមួយនាថ្ងៃអាទិត្យនេះទេនោះ ការបោះឆ្នោតជុំទីពីរ នឹងត្រូវធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃទី០៨ ខែកក្កដាខាងមុខ។
គួរជម្រាបថា ចំណុចសំខាន់នៃការឆ្នោតជ្រើសរើសប្រធានាធិបតីនាថ្ងៃនេះ គឺទៅលើថាតើបេក្ខភាពថ្មី៥រូបទៀត នឹងមានឱកាសយកឈ្នះលើប្រធានាធិបតីកាន់អំណាច លោក Erdogan ដែលបានដឹកនាំប្រទេសតួកគីអស់រយៈពេល១៥ឆ្នាំកន្លងមកនេះ ដែរឬយ៉ាងណា។ នៅក្រោយការបោះឆ្នោតនេះផងដែរ ការផ្លាស់ប្តូរថ្មីមួយចំនួន ដែលត្រូវបានសម្រេចឡើង ដោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៧ នឹងចូលជាធរមាន ដោយក្នុងនោះមានទាំងការបន្ថែមអំណាចទៅឲ្យប្រធានាធិបតីទៀតផង៕