(អង់ការ៉ា)៖ ប្រជាពលរដ្ឋតួកគីនាថ្ងៃអាទិត្យនេះ បានចាប់ផ្តើមទៅធ្វើការចូលរួមបោះឆ្នោត ដែលនឹងសម្រេចជោគជ័យផ្នែកនយោបាយនាពេលអនាគតខាងមុខ សម្រាប់ប្រធានាធិបតី លោក Recep Tayypi Erdogan។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។
ប្រជាជនតូកគីចំនួនប្រមាណ៥៦.៣លាននាក់ មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីនិងការបោះឆ្នោតសភា នាថ្ងៃអាទិត្យនេះ ដោយក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋតួកគីប្រហែល៣លាននាក់ ដែលកំពុងរស់នៅឯក្រៅប្រទេស។ សម្រាប់បេក្ខភាពឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីវិញគឺមានចំនួន៦រូប។ ប្រសិនបើពុំមានបេក្ខភាពណាមួយ ទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយ នៅជុំទីមួយនាថ្ងៃអាទិត្យនេះទេនោះ ការបោះឆ្នោតជុំទីពីរ នឹងត្រូវធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃទី០៨ ខែកក្កដាខាងមុខ។
គួរជម្រាបថា ចំណុចសំខាន់នៃការឆ្នោតជ្រើសរើសប្រធានាធិបតីនាថ្ងៃនេះ គឺទៅលើថាតើបេក្ខភាពថ្មី៥រូបទៀត នឹងមានឱកាសយកឈ្នះលើប្រធានាធិបតីកាន់អំណាច លោក Erdogan ដែលបានដឹកនាំប្រទេសតួកគីអស់រយៈពេល១៥ឆ្នាំកន្លងមកនេះ ដែរឬយ៉ាងណា។ នៅក្រោយការបោះឆ្នោតនេះផងដែរ ការផ្លាស់ប្តូរថ្មីមួយចំនួន ដែលត្រូវបានសម្រេចឡើង ដោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៧ នឹងចូលជាធរមាន ដោយក្នុងនោះមានទាំងការបន្ថែមអំណាចទៅឲ្យប្រធានាធិបតីទៀតផង៕