(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសជាចំហថារូបលោកគាំទ្រ ចំពោះការដាក់ទណ្ឌកម្មហិរញ្ញវត្ថុទៅលើបណ្តាប្រទេសអឺរ៉ុបទាំងឡាយណា ដែលបដិសេធមិនព្រមសហការជុំវិញវិបត្តិជនអន្តោប្រវេសន៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez ដែលបានអញ្ជើញមកទស្សនកិច្ចនៅទីក្រុងប៉ារីស លោក Macron បាននិយាយថា «យន្តការនៃការដាក់ទណ្ឌកម្មនឹងត្រូវបង្កើតឡើង នៅក្នុងករណីដែលពុំមានសាមគ្គីភាព។ ពួកយើងមិនអាចឲ្យមានប្រទេសដែលទទួលផលប្រយោជន៍ធំធេងពីសាមគ្គីភាពនៃសហភាពអឺរ៉ុប (EU) ហើយគិតតែពីប្រយោជន៍ជាតិខ្លួនឯងដោយអាត្មានិយម នៅពេលពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍នោះឡើយ»។
គួរជម្រាបថា មេដឹកនាំនៃសហភាពអឺរ៉ុប នឹងគ្នានាថ្ងៃអាទិត្យនេះ នៅឯទីក្រុងព្រុចសែលនៃប្រទេសបែលហ្សិក ដើម្បីពិភាក្សាអំពីមធ្យោបាយដើម្បីបញ្ចប់វិវាទរឿងជនអន្តោប្រវេសន៍ ដែលកំពុងធ្វើឲ្យសមាជិកទាំង២៨របស់ EU មានការខ្វែងគំនិតនិងមិនត្រូវរ៉ូវគ្នា៕