(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ចេញរបាយការណ៍លម្អិតផ្លូវការ ស្តីពីប្រជាជនប៉ាឡេស្ទីន ដែលបានបាត់បង់ជីវិតនិងរបួស ដោយកាណុងកាំភ្លើងរបស់ក្រុមទាហានអ៊ីស្រាអែល ចាប់តាំងតែពីមានផ្ទុះការប្រមូលផ្តុំគ្នានិងធ្វើបាតុកម្ម នៅឯតំបន់ព្រំដែនហ្គាហ្សានិងអ៊ីស្រាអែលកាលពីចុងខែមីនាមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨។
បើតាមរបាយការណ៍ខាងលើ កងទ័ពអ៊ីស្រាអែលបានផ្តាច់ជីវិតជនជាតិអ៊ីស្រាអែលសរុបចំនួន១៣១នាក់ និងបណ្តាលឲ្យរបួស១៤,៨១១នាក់ ដោយក្នុងនោះមាន៧,៩៧៥នាក់ត្រូវបានបញ្ជូនសង្រ្គោះនៅឯមន្ទីរពេទ្យ និង៥៤នាក់មានស្ថានភាពធ្ងន់ធ្ងរ រហូតត្រូវកាត់ដៃឬកាត់ជើងចោលថែមទៀតផង។ របាយការណ៍ដដែល ក៏បានចោទប្រកាន់យោធាអ៊ីស្រាអែលថា បានវាយប្រហារមកលើក្រុមគ្រូពេទ្យនិងរថយន្តសង្រ្គោះបន្ទាន់ ដែលនៅកន្លែងកើតហេតុ ដើម្បីសង្រ្គោះជីវិតក្រុមបាតុករដែលរងរបួសផងដែរ។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី៣០ ខែមីនាកន្លងទៅ ប៉ាឡេស្ទីនបានរៀបចំការធ្វើបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែល នៅឯភាគខាងកើតតំបន់ហ្គាហ្សាស្រ្ទីព (Gaza Strip)។ ពួកគេបានដាក់ឈ្មោះឲ្យការប្រមូលផ្តុំគ្នានេះថា «The Great March of Return» ដោយតែងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យបញ្ចប់ការបិទទំនាក់ទំនងគ្រប់ច្រក ដែលអ៊ីស្រាអែល បានដាក់មកលើហ្គាហ្សា ចាប់តាំងពីឆ្នាំ២០០៧៕