(អាឌីសអាបាបា)៖ ករណីផ្ទុះយ៉ាងកក្រើកមួយ ដែលបានកើតមានឡើងនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអេត្យូពីថ្មី ធ្វើការថ្លែងសុន្ទរកថា នៅចំពោះប្រជាជនជាង ៣លាននាក់នោះ បានបង្កឲ្យមនុស្សរងរបួសសរុប ៨៣នាក់ និងគ្មានអ្នកស្លាប់នោះឡើយ (មុននេះបន្តិចមានការចេញផ្សាយថា មនុស្សមួយចំនួនបានស្លាប់)។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ីយ អាហ៍ម៉េដ (Abiy Ahmed) បានធ្វើការថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងរដ្ឋធានី អាឌីសអាបាបា នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង (ម៉ោងនៅតំបន់អាហ្វ្រិកកណ្តាល) ចំពោះមុខអ្នកគាំទ្រលោក ហើយក្រោយពីលោកបញ្ចប់សុន្ទរកថាភ្លាមៗ សំឡេងផ្ទុះមួយក៏បានលាន់លឺឡើងតែម្តង នៅពេលដែលក្រុមអ្នកគាំទ្របន្តស្ថិតនៅមុខវេទិកា ដោយមិនទាន់បានចេញទៅណាអស់នោះឡើយ។
គួរបញ្ជាក់ថា ប៉ូលិសអេត្យូពីកំពុងតែធ្វើការស៊ើបអង្កេត ខណៈជន ឬក្រុមសង្ស័យដែលបង្ករឿងនេះឡើង ក៏មិនទាន់មានការបង្ហើបឲ្យដឹងនោះដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរយៈពេលមួយខែចុងក្រោយនេះ រដ្ឋាភិបាលរបស់លោក Ahmed បានធ្វើការកែទម្រង់មួយចំនួន ដែលអាចនាំឲ្យប្រជាជន និងក្រុមជនជាតិភាគតិចមួយចំនួនមិនពេញចិត្ត៕