(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមបន្ថែមទៀតនៅថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន) សប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងតម្លើងពន្ធ ២០ភាគរយ លើការនាំចូលរថយន្ដពីសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការព្រមានបែបនេះនៅសារមួយបង្ហោះលើ Twitter។ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើពន្ធ និងរបាំងពាណិជ្ជកម្មអស់រយៈដ៏យូរ ដែលបានដាក់លើសហរដ្ឋអាមេរិក បើសិនជាសហភាពអឺរ៉ុបមិនព្រមដកពន្ធ និងរបាំងពាណិជ្ជកម្មនេះចោលទេ នោះយើងនឹងតម្លើងពន្ធ ២០ភាគរយ លើការនាំចូលរថយន្ដទាំងអស់របស់ពួកគេ មកកាន់សហរដ្ឋអាមេរិកវិញ»។
គួរបញ្ជាក់ថា ការព្រមានរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក កាលពីខែមុនបានបើកការស៊ើបអង្កេត លើការនាំចូលរថយន្ដពីសហភាពអឺរ៉ុប ហើយការស៊ើបអង្កេតនេះទៀតសោត ត្រូវបានរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក វ៉ាលប៊ឺរ រ៉ូស (Wilbur Ross) បានប្រកាសថា ក្រសួងមានគំរោងបញ្ចប់ការស៊ើបអង្កេតនេះ នៅចុងខែកក្កដា ឬខែសីហាខាងមុខនេះ។
ប៉ុន្តែកាលពីថ្ងៃសុក្រ សហភាពអឺរ៉ុបបានប្រកាសពីវិធានការតម្លើងពន្ធ លើផលិតផលអាមេរិកក្នុងនោះមានទាំងដែក អាលុយមីញ៉ូម និងផលិតផលកសិកម្មជាដើម គិតជាទឹកប្រាក់ស្មើនឹងជាង ៣.២៤ពាន់លានដុល្លារ៕