(យូអិន)៖ មហាសន្និបាត នៃអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) បានអនុម័តនូវដំណោះស្រាយមួយ ដោយទាមទារឲ្យប្រទេសរុស្ស៊ី ដកកងទ័ព និងសព្វាវុធចេញពីប្រទេសម៉ុលដូវ៉ា (Moldova) ដែលស្ថិតនៅតំបន់អឺរ៉ុបខាងកើតនោះ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
ដំណោះស្រាយខាងលើនេះ ត្រូវបានអនុម័តដោយសំឡេង ៦៤ ទល់នឹង ១៥សំឡេង ជាមួយ ៨៣ប្រទេសទៀតបានធ្វើអនុប្បវាទ។ វាគឺជាការអំពាវនាវឲ្យប្រទេសរុស្ស៊ី ធ្វើការដកកងទ័ព និងសព្វាវុធទាំងអស់ចេញពីតំបន់ផ្តាច់ខ្លួន ត្រាននីស្ទឺរ (Transdniester) នៃប្រទេសម៉ុលដូវ៉ា ដោយគ្មានលក្ខខណ្ឌ និងគ្មានការពន្យារពេល។ នៅក្នុងដំណោះស្រាយក៏បានសង្កត់ធ្ងន់ផងដែរថា វត្តមានយោធា និងមូលដ្ឋានទ័ពនៅក្នុងទឹកដីម៉ុលដូវ៉ា គឺជាទង្វើដែលរំលោភបំពានអធិបតេយ្យភាព និងបូរណភាពដែនដីនៃប្រទេសអឺរ៉ុបខាងកើតមួយនេះ។
គួរបញ្ជាក់ថា កងកម្លាំងទ័ពនៃប្រទេសរុស្ស៊ី ដែលមានឈ្មោះថា OGRF បានបន្តស្ថិតនៅក្នុងតំបន់ផ្តាច់ខ្លួន Transdniester ដែលជាកន្លែងស្តុកអាវុធដ៏សំខាន់កាលពីសម័យអតីតសហភាពសូវៀត បើទោះបីជារុស្ស៊ីធ្លាប់បានប្តេជ្ញាថា ខ្លួននឹងដកទ័ពចេញពីតំបន់ដែលត្រូវបានចាត់ទុក ជាដែនដីស្របច្បាប់របស់ ម៉ុលដូវ៉ា នេះតាំងតែពីឆ្នាំ១៩៩៩ ក៏ដោយ។ ដោយឡែកការដកទ័ពនេះ នឹងត្រូវលើកយកមកពិភាក្សាក្នុងមហាសន្និបាតជាថ្មីទៀត នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ៕