(អង់ការ៉ា)៖ រូបភាពក្រាហ្វិកមួយ ដែលត្រូវបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ នៃទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី អាណាដូលូ (Anadolu) បានបង្ហាញយ៉ាងច្បាស់ថា លោក រ៉េសិព តាយយីព អឺដូហ្គាន់ (Recep Tayyip Erdoğan) នឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃអាទិត្យស្អែកនេះ ដោយទទួលបានសំឡេងគាំទ្រ ៥៣ភាគរយ។ ប៉ុន្តែការផ្សព្វផ្សាយនេះ បាននិងកំពុងបង្កជាការព្រួយបារម្ភកាន់តែខ្លាំងជុំវិញការបន្លំសន្លឹក ឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Turkish Minutes ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
ជុំវិញបញ្ហានេះដែរ បើតាមគេហទំព័រ ហ្គាហ្សេត ឌូវ៉ា (Gazete Duvar) បន្ទាប់ពីការផ្សព្វផ្សាយរូបភាពក្រាហ្វិក អ្នករៀបចំកម្មវិធីបានអះអាងថា នេះ គ្រាន់តែជាផ្សាយសាកល្បង ពីការបោះឆ្នោតប៉ុណ្ណោះ។ ក្រាហ្វិកនេះ ដែលផ្សាយនៅលើកម្មវិធី TVNET កាលពីថ្ងៃអង្គារ ក៏បានបង្ហាញផងដែរថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ (CHP) លោក មូហារ៉េម អ៊ីញ (Muharrem İnce) ទទួលបានសំឡេងគាំទ្រ ២៦ភាគរយ តាមពីក្រោយដោយ លោកស្រី មឺរ៉ាល់ អាកសេណឺ (Meral Akşener) ជាបេក្ខជនមកពីគណបក្ស អ៊ីយី (İYİ ឬ Good) Party ដែលទទួលបានសំឡេងគាំទ្រ ១២ភាគរយ ខណៈលោក សេឡាហាតទីន ឌែមឺតាស់ (Selahattin Demirtaş) នៃគណបក្សប្រជាធិបតេយ្យ (HDP) ទទួលបានសំឡេងគំាទ្រ ០៧ភាគរយ។
គួរជម្រាបថា ការប្រកាសលទ្ធផលសាកល្បងនេះ បាននិងកំពុងបង្កើនការសង្ស័យ និងការព្រួយបារម្ភកាន់តែច្រើនថា ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអាទិត្យស្អែកនេះ នៅក្នុងប្រទេសតួកគីនឹងមិនមានតម្លាភាព ឬមានការក្លែងបន្លំសន្លឹកឆ្នោត។ ចំណែកឯ សារព័ត៌មានរដ្ឋ Anadolu និង ដូហ្គាន់ (Doğan) តែមួយគត់ដែលនឹងទទួលបានលទ្ធផលបោះឆ្នោត ពីការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដើម្បីចេញ ផ្សាយជាសាធារណៈ៕