(ប៉េកាំង)៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក ជែង ហ្ស័ង (Geng Shuang) បាននិយាយថា សេចក្ដីរាយការណ៍​របស់ប្រព័ន្ធ​ផ្សព្វផ្សាយ អាមេរិក​ពីការវាយប្រហារ​ដោយអាវុធឡាស៊ែរ​នៅឯសមុទ្រចិនខាងកើត​ គឺជាព័ត៌មានប្រឌិត និងគ្មានមូលដ្ឋាន។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

ប្រតិកម្មរបស់​ទីក្រុងប៉េកាំង កើតមានឡើង​បន្ទាប់ពីសារព័ត៌មាន​​អាមេរិក Wall Street Journal បានឱ្យ​ដឹងថា អាវុធឡាស៊ែរ​ត្រូវបាន​គេប្រើប្រាស់​ ដើម្បី​វាយប្រហារ​លើ ពីឡុតបើក​យន្តហោះចម្បាំង​អាមេរិកជាង ២០លើក ចាប់ពីដើម​ឆ្នាំ២០១៨​មក ហើយហេតុការណ៍​ទាំងអស់នេះទៀតសោត កើតឡើងនៅពី​លើដែនអាកាស ឬនៅ​ក្បែរ​សមុទ្រចិនខាងកើត ជាពិសេស​នៅតំបន់ដែលយោធា​ចិនកំពុង​ប្រតិបត្តិការ។​ ប៉ុន្តែឆ្លើយតបនឹង​សេចក្ដីរាយការណ៍នេះ លោក Geng Shuang បានអះអាង​នៅក្នុងសន្និសីទ​សារព័ត៌មាននៅ ថ្ងៃសុក្រ​សប្ដាហ៍នេះថា «វាគឺជាព័ត៌មាន​ប្រឌិត និង​គ្មានមូលដ្ឋាន»

គួរបញ្ជាក់ថា បើតាម Wall Street Journal អាវុធឡាស៊ែរ​ត្រូវបានគេបាញ់ចេញ​ពីទូកនេសាទទំនងជាកម្មសិទ្ធរបស់ចិន និងចេញពី លើដីគោក​ជាង ២០លើក ទៅលើពីឡុតបើក​យន្ដហោះចម្បាំងអាមេរិក។ ប៉ុន្តែក្រុមមន្ត្រីអាមេរិក​ បានបដិសេធ​ទទួលស្គាល់ថាយោធា ចិនជាអ្នក​នៅពីក្រោយ​ការវាយប្រហារ​ទាំងនេះ។

យ៉ាងណាក៏ដោយ កាលពីខែឧសភា​ កន្លងទៅ មន្ទីរបញ្ចកោណធ្លាប់បានចោទប្រកាន់ទីក្រុងប៉េកាំងម្ដងរួចមកហើយថា បានបាញ់ ឡាស៊ែរលើពីឡុតអាមេរិក​ នៅក្បែរ​មូលដ្ឋានទ័ពចិន​ក្នុងប្រទេស ជីបួទី (Djibouti) ​ដោយបណ្ដាល​ឱ្យពីឡុតអាមេរិក​ពីរនាក់រងរបួស ហើយទីក្រុង​វ៉ាស៊ីនតោនក៏បាន​ស្នើឱ្យចិនបើកការស៊ើប​អង្កេតលើករណី​បាញ់អាវុធឡាស៊ែរ​នេះដែរ៕