(ប៉េកាំង)៖ ចិនត្រូវបានគេរាយការណ៍ថា កំពុងដើរតាមជំហានរបស់រុស្ស៊ី ក្នុងការផលិតនាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញយោធាខ្លះសង្ស័យថា ទីក្រុងប៉េកាំងចង់ប្រើឱកាសនេះ ផលិតនាវាផ្ទុកយន្ដហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីរក្សាតុល្យភាពយោធាជាមួយសហរដ្ឋអាមេរិក។ នេះបើតាម Global Times ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានចិន Global Times ឯកសារមួយពាក់ព័ន្ធនឹងការដេញថ្លៃ ក្នុងការផលិតនាវាបំបែកទឹកកកថាមពលនុយក្លេអ៊ែរ បានបង្កជាការពិភាក្សាពីលទ្ធភាព នៃការអភិវឌ្ឍនាវាផ្ទុកយន្ដហោះចម្បាំង ដើរថាមពលនុយក្លេអ៊ែរ។ Global Times បានគូស បញ្ជាក់នៅក្នុងអត្ថបទរបស់ខ្លួនចុះផ្សាយកាលពីថ្ងៃសុក្រយ៉ាងដូច្នេះថា «វាគឺជានាវាដើរដោយថាមពលនុយក្លេអ៊ែរដំបូងបំផុតរបស់ចិន ដែលនឹងជួយឱ្យចិនអភិវឌ្ឍន៍ទៅជានាវាចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍របស់ Sputnik កាលពីខែកុម្ភៈ ទីក្រុងប៉េកាំងមានគោលដៅផលិត នាវាផ្ទុះយន្ដហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរដោយខ្លួនឯង នៅត្រឹមឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ ចិនក៏មានមហិច្ឆតាបង្កើតក្រុមនាវាផ្ទុកយន្ដហោះ ចម្បាំងបួនគ្រឿងសម្រាប់កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន PLA នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នកងទ័ពចិនទើបតែទទួល បាននាវាផ្ទុកយន្ដហោះចម្បាំង ឡាវនីង (Liaoning) ជាលើកដំបូងចំនួនមួយគ្រឿង និងមួយគ្រឿងថ្មីទៀតស្ថិតនៅក្នុងដំណើរការសាកល្បង៕