មានការសង្ស័យថា «យោធាចិនបានប្រើប្រាស់អាវុធឡាស៊ែរ បាញ់លើយន្តហោះចម្បាំងអាមេរិកចំនួន២០លើក» (Video inside)
23-06-2018 09:43
(ប៉េកាំង)៖ សារព័ត៌មានអាមេរិក Wall Street Journal បានឱ្យដឹងថា អាវុធឡាស៊ែរត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើ ពីឡុតបើកយន្តហោះចម្បាំងអាមេរិកជាង ២០លើក ចាប់ពីដើមឆ្នាំ២០១៨មក ហើយហេតុការណ៍ទាំងអស់នេះ កើតឡើងនៅពីលើដែនអាកាស ឬនៅក្បែរសមុទ្រចិនខាងកើត ជាពិសេសនៅតំបន់ដែលយោធាចិនកំពុងប្រតិបត្តិការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម Wall Street Journal អាវុធឡាស៊ែរត្រូវបានគេបាញ់ចេញពីទូកនេសាទ និងពីលើគោកជាង ២០លើក ទៅលើពីឡុតបើកយន្ដហោះចម្បាំងអាមេរិក ហើយបើទោះជាពុំទាន់ការបញ្ជាក់លម្អិត ប៉ុន្តែហេតុការណ៍បែបនេះបានកើតឡើងកាន់ច្រើន រីឯក្រុមមន្ត្រីអាមេរិកបានបដិសេធទទួលស្គាល់ថា យោធាចិនជាអ្នកនៅពីក្រោយការវាយប្រហារទាំងនេះ។
គួររំលឹកថា កាលពីខែឧសភាមន្ទីរបញ្ចកោណបានចោទប្រកាន់ថា ទីក្រុងប៉េកាំង បានបាញ់ឡាស៊ែរលើពីឡុតអាមេរិក នៅក្បែរមូលដ្ឋានទ័ពចិនក្នុងប្រទេស ជីបួទី (Djibouti) ដោយបណ្ដាលឱ្យពីឡុតអាមេរិកពីរនាក់រងរបួស ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានស្នើឱ្យចិន បើកការស៊ើបអង្កេតលើករណីបាញ់អាវុធឡាស៊ែរនេះផងដែរ៕