(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការព្រមព្រៀងគ្នាមួយជាមួយកូរ៉េខាងត្បូង ក្នុងការរៀបចំពិធីជួបជុំគ្រួសារកូរ៉េទាំងពីរ ដែលបានព្រាត់ប្រាសគ្នានៅអំឡុងសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។
កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីកាកបាតក្រហមនៃប្រទេសទាំងពីរ បានព្រមព្រៀងនៅក្នុងកិច្ចប្រជុំថា នឹងរៀបចំពិធីជួបជុំគ្រួសារកូរ៉េពីថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែសីហាខាងមុខនេះ នៅឯរម្មណីយដ្ឋានភ្នំ Kumgang របស់កូរ៉េខាងជើង ដោយមាន ១០០គ្រួសារមកពីភាគីទាំងសងខាង។ ចំណែកឯ KCNA ក៏បានរាយការណ៍ពីការព្រមព្រៀងគ្នានេះដែរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទឡើយ ដោយ គ្រាន់តែនិយាយថា ភាគីទាំងពីរនឹងបន្តពិភាក្សាគ្នាតទៅទៀតជុំវិញការរៀបចំពិធីជួបជុំនេះ។
គួរបញ្ជាក់ថា គ្រួសារកូរ៉េទាំងពីររាប់លាននាក់បានព្រាត់ប្រាសគ្នានៅសម័យសង្រ្គាមកូរ៉េ។ មួយវិញទៀតមកទល់នឹងបច្ចុប្បន្ន កូរ៉េទាំងពីរបានរៀបចំពិធីជួបជុំគ្រួសារកូរ៉េចំនួន ២០លើក ជាមួយការចូលរួមពីគ្រួសារកូរ៉េ ១៩,៨០០គ្រួសារ ហើយការរៀបចំពិធីជួប នេះត្រូវបានធ្វើឡើងលើកចុងក្រោយកាលពីខែតុលា ឆ្នាំ២០១៥៕