(វ៉ាស៊ីនតោន)៖ បន្ទាប់ពីការប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយចិន និងសហភាពអឺរ៉ុបនោះ នៅទីបំផុតជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចេញសញ្ញាថា នឹងអាចកើតមានឡើងឆាប់ៗខាងមុខនេះហើយ ខណៈសហរដ្ឋអាមេរិកនឹងបញ្ចូនមន្ត្រីជាន់ខ្ពស់មួយរូបទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាអំពីបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ ដែលត្រូវបានដកស្រង់នាយប់ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាំពាក្យសេតវិមានអាមេរិក បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ត្រូវបានលោក ដូណាល់ ត្រា ប្រាប់ឲ្យត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែមិថុនា ខាងមុខនេះ ដើម្បីត្រួសត្រាយផ្លូវទៅរកជំនួបកំពូល ត្រាំ-ពូទីន ចំពោះការមុខការព្រួយបារម្ភពីសហភាពអឺរ៉ុប និងភាពវឹកវរនៃសង្គ្រាមពាណិជ្ជកម្ម។
ងាកទៅកាន់មន្ត្រីជាន់ខ្ពស់រុស្ស៊ីវិញ គឺរដ្ឋមន្ត្រីការបរទេសលោក ស៊ឺហ្គៃ ឡារ៉ូវ បានអះអាងថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការទាក់ទងជាមួយអាមេរិក។ សម្រាប់ជំនួបរវាងលោក ពូទីន និងលោក ត្រាំ ថានឹងអាចកើតមានយ៉ាងណានោះ គឺត្រូវរង់ចាំលទ្ធផលនៃទស្សនកិច្ចលោក Bolton នៅម៉ូស្គូជាមុនសិន។ បន្ថែមពីនេះវាក៏នឹងក្លាយជាឱកាសផ្សះផ្សាទំនាក់ទំនង រុស្ស៊ី-អាមេរិក ឡើងវិញផងដែរ ចំពោះមុខភាពភ័យព្រួយខ្លាំងជាងគេ ពីសហភាពអឺរ៉ុប៕