(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិដែលមានប្រជាជនសរុបតែជាង ៥០ម៉ឺននាក់ អាយឡែន (Iceland) ធ្លាប់បានបំបាក់នីហ្សេរីយ៉ា ៣-០ ពីប្រវត្តិជួបគ្នាតែម្តងគត់នៅក្នុងជំនួបមិត្តភាពអន្តរជាតិនាឆ្នាំ១៩៨១ ដែលនឹងត្រូវប៉ះគ្នាជាថ្មីនៅម៉ោង ១០យប់នេះ នៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ទាំងក្រុមនៅអឺរ៉ុប ឡាយឡែន និងក្រុមស្ថិតនៅក្នុងទ្វីបអាហ្រ្វិក នីហ្សេរីយ៉ា មិនដែលធ្លាប់ប៉ះគ្នាក្នុងពានផ្លូវការណាមួយនោះទេ ហើយក្នុង World Cup 2018 លើកទី២១នេះ ជាការជួបគ្នាលើកទី១ ក្នុងនាមជាក្រុមមិនដែលឈ្នះជើងឯកពានធំនេះដូចគ្នា ខណៈអាយឡែន ទើបតែបានមកលេង World Cup ជុំផ្តាច់ព្រ័ត្រលើកដំបូងជាប្រវត្តិសាស្រ្តផងដែរ។
អាយឡែន បានធ្វើឲ្យពិភពបាល់ទាត់មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលទប់បានស្មើជាមួយក្រុមរងជើងឯក World Cup 2014 អាហ្សង់ទីន ជាមួយនឹងតាមបានស្មើ ១-១ វិញ ត្រឹមតែ៤នាទីប៉ុណ្ណោះ បន្ទាប់ពីក្រុមខ្លាំងប្រចាំតំបន់ អាមេរិកឡាទីន ស៊ុតគ្រាប់នាំមុខនៅនាទីទី១៩នោះ។
នីហ្សេរីយ៉ា ដែលឈរនៅបាតតារាងនៃពូល D នឹងអស់ឱកាសឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ប្រសិនបើចាញ់យប់នេះ ទៀត បន្ទាប់របូត៣ពិន្ទុនៅថ្ងៃបើកឆាក ក្រោមថ្វីជើងរបស់ក្រូអាត ដោយលទ្ធផល ២-០ ហើយក៏ជាគូប្រកួតដែលអាហ្សង់ទីន ចាំអ៊ុតលទ្ធផលរាត្រីនេះផងដែរ៕