(ចិន)៖ ចិនបានបន្ទាបគន្លងកម្ពស់នៃមន្ទីរពិសោធន៍អវកាស Tiangong-2 របស់ខ្លួន ខណៈទង្វើនេះទំនងជាធ្វើឡើង ក្រោមគោលបំណងបញ្ចៀសស្ថានការណ៍ដូចទៅនឹងមន្ទីរពិសោធន៍ Tiangong-1 ដែលបានធ្លាក់ចូលមកផែនដីវិញ ដោយពុំអាចគ្រប់គ្រងបាន កាលពីប៉ុន្មានខែមុននេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅយប់ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
មន្ទីរពិសោធន៍ Tiangon-2 ត្រូវបានបង្ហោះឡើងទៅកាន់ទីអវកាស កាលពីខែកញ្ញា ឆ្នាំ២០១៦ ដើម្បីធ្វើតេស្តទៅលើប្រព័ន្ធទ្រទ្រង់ជីវិតដ៏ទំនើប ប្រព័ន្ធចាក់ប្រេង និងសមត្ថភាពផ្គត់ផ្គង់ឡើងវិញ តាមរយៈបេសកកម្មបញ្ជូនមនុស្ស Shenzhou-11 និង បេសកកម្មបញ្ជូនទំនិញ Tianzhou-1 ដោយទាំងអស់នេះ គឺជាការរៀបចំដើម្បីបង្កើតស្ថានីយអវកាសខ្នាតធំមួយ នៅគន្លងកម្រិតទាបរបស់ផែនដី។
បើតាមព័ត៌មានពីទីបញ្ជាការផ្នែកអវកាសរបស់អាមេរិក មន្ទីរពិសោធន៍ Tiangong-2 បានរំកិលពីរយៈកម្ពស់ប្រហែល ៣៨៦គីឡូម៉ែត្រ ចុះទៅនៅត្រឹម ២៩៧គីឡូម៉ែត្រ ខណៈពុំមានសេចក្តីប្រកាសអំពីស្ថានភាពរបស់វាឡើយ។ Tiangon-2 គឺស្រដៀងនឹង Tiangong-1 ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១១ ដែរ ប៉ុន្តែវាមានភាពទំនើបជាង។ មន្ទីរពិសោធន៍អវកាសទាំងពីរនេះ ត្រូវបានរចនាឡើងដើម្បីធ្វើជាគ្រឹះសម្រាប់ការអភិវឌ្ឍ និងផ្ទៀងផ្ទាល់បច្ចេកវិទ្យា សម្រាប់គម្រោងសាងសង់ស្ថានីយអវកាសចិន។
គួរជម្រាបថា បើតាមក្រុមអ្នកវិភាគ ការបន្ទាបកម្ពស់នៃគន្លងរបស់មន្ទីរពិសោធន៍ Tiangong-2 គឺប្រហែលជាចិនមិនចង់ឲ្យមានបញ្ហានៃមន្ទីរពិសោធន៍ Tiangong-1 កើតឡើងជាថ្មីម្តងទៀត។ Tiangong-1 បានជួបបញ្ហាកាលពីដើមឆ្នាំ២០១៦ ដែលជាហេតុធ្វើឲ្យវាបាត់ការទាក់ទង ជាមួយមូលដ្ឋាននៅលើផ្ទៃដី។
មន្ទីរពិសោធន៍នេះ ក៏បានចាប់ផ្តើមឆ្ពោះមករកផែនដី រហូតដល់ទីបំផុតបានធ្លាក់ចូលមកក្នុងបរិយាកាស នៃភពរបស់យើងវិញ ដោយពុំអាចគ្រប់គ្រងបានកាលពីថ្ងៃទី០២ ខែមេសា។ ទោះបីជាភាគច្រើននៃច្រើនរបស់ Tiangong-1 ត្រូវបានឆេះអស់ពេលកំពុងធ្លាក់ក៏ដោយ បំណែកដែលនៅសល់របស់វា បានធ្លាក់ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង៕