មានការទម្លាយឲ្យដឹងថា «អាមេរិកទើបបង្កើតមូលដ្ឋានទ័ព នៅស៊ីរីថែមមួយទៀត» ធ្វើឲ្យចំនួនសរុបកើនដល់ជាង២០មូលដ្ឋានទ័ព!
22-06-2018 18:23
(ម៉ូស្គូ)៖ វត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី កំពុងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យឃើដស៊ីរី (SDF)។ ជាក់ស្ដែងមេបញ្ជាការ SDF លោក ហេលីល បូហ្ស៊ី (Helil Bozi) បានបង្ហើបថា សហរដ្ឋអាមេរិកកំពុងបង្កើត មូលដ្ឋានយោធាថ្មីមួយទៀត បន្ថែមពីលើមូលដ្ឋានយោធាចំនួនពីរផ្សេងទៀតក្នុងទីក្រុង មែនប៊ីច (Manbij)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងប្រាប់ Sputnik ជាភាសាតួកគី លោក Helil Bozi បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «មូលដ្ឋានយោធាថ្មីរបស់សហរដ្ឋអាមេរិក គឺមាន ទីតាំងនៅក្នុងស្រុក មេដាហ៍ (Medah) ជាច្រកចូលនៃទីក្រុង Manbij»។ លើសពីនេះទៅទៀត មេបញ្ជាការរូបនេះ ក៏បានអះអាងដែរថា វាជាមូលដ្ឋានយោធាអាមេរិកទី ៣ នៅក្នុងទីក្រុងមែនប៊ីច (Manbij) ដែលជាផ្លូវតភ្ជាប់ដ៏សំខាន់ ឆ្ពោះទៅកាន់ទីក្រុងអាឡេប៉ូ។ ប៉ុន្តែលោកបានបដិសេធផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងចំនួនកងទ័ពអាមេរិក ដែលត្រូវដាក់ពង្រាយនៅមូលដ្ឋានយោធាថ្មីនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពជាង ៥,០០០នាក់ នៅតាមមូលដ្ឋានយោធាអាមេរិកច្រើនជាង ២០ នៅភាគខាងជើងប្រទេសស៊ីរី ដែលកំពុតស្ថិតនៅក្រោមការគ្រប់គ្រងរបស់ SDF គំាទ្រដោយទីក្រុងវ៉ាស៊ីនតោន៕