(ម៉ូស្គូ)៖ អតីតម្ចាស់ជើងឯក World Cup ៥សម័យកាលច្រើនជាងគេ ប្រេស៊ីលបានយកឈ្នះក្រុមមកពីតំបន់អាមេរិកខាងជើង កូស្តារីកា រហូតដល់ទៅ១០ដង មិនដែលស្មើ និងចាញ់ម្តង ពីប្រវត្តិជួបគ្នា ១១លើកមកនេះ មុនប៉ះគ្នាជាថ្មីនៅ ម៉ោង ៧យប់នេះក្នុងព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ក្រុមសាំបា ដែលមានកីឡាករសំខាន់ Neymar នឹងសំលឹងរកបាន ៣ពិន្ទុជាលើកដំបូងនៃវគ្គជម្រុះសន្សំពិន្ទុនៃពូល E ដ្បិតទើបមាន ១ពិន្ទុនៅឡើយ បន្ទាប់លេងស្មើ ១-១ ពេលជួបក្រុមនៅអឺរ៉ុប ស្វីស កាលពីជុំទី១ ខណៈស៊ែប៊ីមាន ៣ពិន្ទុឈរនៅកំពូងតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះកូស្តារីកា ១-០។
ប្រេស៊ីល បានកំពុងតែឈរនៅលេខរៀងទី២ បណ្តោះអាសន្នក្នុងពូល E មាន១ពិន្ទុស្មើនឹងក្រុមលេខ៣ ស្វីស និងកូស្តារីកា ឈរលេខ៤ បាតតារាងដែលលេងមិនដែលចាញ់កូស្តារីកាឡើយ ក្នុងការជួបគ្នា២ដងនៅ World Cup ពោលគឺឈ្នះ ១-០ និងលទ្ធផល ៥-២ ជាមួយនឹង ៩ប្រកួតផ្សេងទៀតជួបគ្នាក្នុងយុទ្ធនាការជើងឯកប្រចាំតំបន់ និងមិត្តភាពអន្តរជាតិនានា៕