(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបររទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានអះអាងថា អាវុធគីមីនៅស៊ីរីគឺផលិតឡើងដោយក្រុមសកម្មប្រយុទ្ធ ហើយបរិក្ខាសម្រាប់ផលិតអាវុធនេះមួយចំនួន ត្រូវបានផលិតនៅប្រទេសអឺរ៉ុបខាងលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃសុក្រនេះ នៅឯក្រសួងការបរទេសរុស្ស៊ី លោកស្រី Zakharova បានលើកឡើងត្រង់ៗយ៉ាងដូច្នេះថា «ផ្អែកលើបរិក្ខាដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី បានរកឃើញកាលពីប៉ុន្មានថ្ងៃមុននេះក្នុងទីក្រុងឌូម៉ា... ខ្ញុំចង់ប្រាប់ថា បរិក្ខាមួយចំនួន (ផលិតនៅអឺរ៉ុបខាងលិច) ត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធ (ភេរវករ) ក្នុងការផលិតអាវុធគីមី។ ចំណែកឯ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បែរជាកំពុងព្យាយាមបង្វែអង្គការហាមឃាត់អាវុធគីមី OPCW ទៅជាស្ថាប័ននយោបាយទៅវិញ»។
គួរបញ្ជាក់ថា បើតាមលោកស្រី Zakharova ឃ្លាំងអាវុធគីមីរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុងឌូម៉ា ប្រទេសស៊ីរី ក៏បានផលិតផង ដែរនូវគ្រឿងបំផ្ទុះមានសមត្ថភាពខ្ពស់ និងអាវុធប្រើប្រាស់ឧស្ម័នក្លរជាដើម។ កាលពីថ្មីៗនេះ អង្គការ OPCW ក៏បានបញ្ជាក់ដែរថា ការស៊ើបអង្កេតលើការប្រើប្រាស់អាវុធគីមី នៅទីក្រុង Douma នឹងត្រូវសម្រេចចេញជាលទ្ធផលក្នុងពេលឆាប់ៗខាងមុខ៕