(វ៉ាស៊ីនតោន)៖ ក្រុមសភាតំណាងរាស្ត្រអាមេរិកជាច្រើននាក់ រួមទាំងមន្ទីរបញ្ចកោណ បានបង្ហាញក្ដីព្រួយបារម្ភរបស់ខ្លួនថា រុស្ស៊ីអាចនឹងប្រមូលយកទិន្នន័យបចេ្ចកវិទ្យា ក៏ដូចជាស្វែងរកចំណុចខ្សោយរបស់ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 នៅក្នុងករណីតួកគីបញ្ចូលយន្ដហោះចម្បាំងនេះ និងប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទៅក្នុងព្រ័ន្ធការពារដែនអាកាសរួម។ នេះបើតាមលោក គ្រីស វ៉ាន ហូលឡេន (Chris Van Hollen) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោក Hollen ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ CNN នៅក្នុងសប្ដាហ៍នេះ។ លោក Hollen បានគូសបញ្ជាក់ដូច្នេះថា «ការព្រួយបារម្ភរបស់ពួកយើងនោះគឺ បច្ចេកវិទ្យា F-35 ដែលជាយន្ដហោះចម្បាំង ទំនើបបំផុតរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ អាចនឹងត្រូវធ្លាក់ទៅក្នុងដៃរុស្ស៊ី បើសិនជាតួកគីប្រើប្រាស់យន្ដហោះចម្បាំង បំបាំងកាយនេះរួមគ្នាជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលតួកគីបញ្ជាទិញពីរុស្ស៊ី។ ពោលគឺបើវាធ្លាក់ទៅក្នុងរុស្ស៊ីមែននោះ ទីក្រុងម៉ូស្គូ អាចស្វែងរកគន្លឹះដើម្បីបង្ក្រាបសមត្ថភាព F-35»។
គួរជម្រាបថា បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរារាំងពីសភាអាមេរិកក៏ដោយ ក៏នៅទីបំផុតប្រទេសតួកគី បានទទួលយន្ដហោះ ចម្បាំង F-35 ពីរគ្រឿងដំបូងពីសហរដ្ឋអាមេរិកហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែយន្ដហោះទាំងពីរគ្រឿងនេះ មិនអាចយក ចេញពីសហរដ្ឋអាមេរិកឡើយរហូតដល់ដំណាច់ឆ្នាំ២០១៩ ដោយសារតែទីក្រុងអង់ការ៉ាបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី៕