សង្គ្រាមដណ្តើមកំពង់ផែស្តុកប្រេងនៅលីប៊ី «ផ្ទុះឡើងយ៉ាងក្តៅគគុក» បណ្តាលឲ្យទាហានលីប៊ី១៦នាក់ និងសមាជិកសកម្មប្រយុទ្ធ៥០នាក់ស្លាប់!
22-06-2018 15:30
(ទ្រីប៉ូលី)៖ ប្រភពពីគ្រូពេទ្យបានឲ្យដឹងថា ទាហានចំនួន ១៦នាក់ នៃកម្លាំងយោធាភាគខាងកើតរបស់ប្រទេសលីប៊ីបានបាត់បង់ជីវិត និង ២០នាក់ទៀតបានរងរបួស នៅក្នុងឈុតឆាកប្រយុទ្ធគ្នាដ៏ក្តៅគគុក ដើម្បីដណ្តើមកាន់កាប់នូវផែប្រេងពីរកន្លែងមកវិញ ពីកណ្តាប់ដៃរបស់ក្រុមសកម្មប្រយុទ្ធដែលជាគូសត្រូវរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមគ្រូពេទ្យនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង អាចដាប៊ីយ៉ា (Ajdabiya) ភាគខាងកើតលីប៊ី ផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យ ទទួលបានសាកសពទាហានចំនួន ១៦នាក់ និងអ្នករបួសជាង ២០នាក់ផ្សេងទៀត ដែលបង្កឡើងដោយសារតែការប៉ះទង្គិចគ្នាយ៉ាងកក្រើក នៅក្នុងតំបន់សម្បូរទៅដោយធនធានប្រេង ដែលស្ថិតនៅក្បែរទីក្រុងនេះ។ ជាមួយគ្នានេះ ជនសកម្មប្រយុទ្ធជាង ៥០នាក់ ក៏បានស្លាប់ផងដែរ នៅក្នុងការប្រយុទ្ធដ៏បង្ហូរឈាមផងដែរ។
គួរជម្រាបថា កម្លាំងយោធាភាគខាងកើតប្រទេសលីប៊ី ហៅកាត់ថា LNA ដែលដឹកនាំដោយមេបញ្ជាការលោក ខាលីហ្វា អាហ្វតារ (Khalifa Haftar) គឺជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលលីប៊ីនៅរដ្ឋធានីទ្រីប៉ូលី ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ៕