(អាមេរិក)៖ កាលពីដើមសប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង ភីឡាឌែលហ្វា (Philadelphia) នៃរដ្ឋភែនស៊ីលវេនៀ (Pennsylvania) ជាមួយនឹងបេក្ខភាពអភិបាលសម្រាប់រដ្ឋនេះតែម្តង គឺលោក ស្កុត វ៉េកណឺ (Scott Wagner) ទោះបីជាមានការរិះគន់កំពុងតែកក្រើកយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងឱកាសនៃការមកដល់របស់លោក Pence និងមន្ត្រីរួមដំណើរនោះ សមាជិកសភាជាអ្នកស្រឡាញ់ភេទដូចគ្នាដំបូងគេរបស់គណបក្សប្រជាធិបតេយ្យ ប្រចាំនៅរដ្ឋ Pennsylvania នេះតែម្តង គឺលោក ប្រាយអែន ស៊ីមស៍ (Brian Sims) បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូលោក Pence តាមរយៈការបង្ហោះម្រាមដៃកណ្តាល (ជាកាយវិការបង្កប់អត្ថន័យឈ្លើយបំផុតមួយ នៃជនជាតិលោកខាងលិច) នៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក។
សម្រាប់អត្ថន័យភ្ជាប់ជាមួយរូបភាពរបស់ លោក Brian នោះគឺ «ដើម្បីឲ្យកាន់តែច្បាស់ យើងគឺជាទីក្រុងនៃភាពចំរុះជាតិសាសន៍។ យើងជឿជាក់ទៅលើថាមពល នៃមនុស្សទាំងឡាយនៅក្នុងការរស់រាន និងការរួមចំណែកយ៉ាងសំខាន់ មិនថាពីមនុស្សស្បែក ខ្មៅ ស ត្នោត... ជនអន្តោប្រវេសន៍... យើងចង់បានពួកគេ ហើយនឹងគោរពពួកគេ។ ដូច្នេះសូមចាំទុកក្នុងចិត្តចុះ នៅពេលដែលអ្នកមកទីនេះ ដើម្បីអង្គាសប្រាក់យកទៅ ធ្វើទុក្ខបុកម្នេញក្រុមគ្រួសារបន្ថែមទៀត, បង្កើនការនិយាយកុហក... ឬក៏និយាយជាមួយស្ត្រីម្នាក់នៅក្នុងបន្ទប់ ដោយគ្មានប្រពន្ធអ្នកនៅជាមួយ។ យើងមានពួកគេ (ជនអន្តោប្រវេសន៍) ខ្លះដែរនៅទីនេះ ហើយពួកគេមានភាពល្អប្រសើរ និងអស្ចារ្យពិតៗ ជាងអ្វីដែលអ្នកមានទៅទៀត... ដូច្នេះបញ្ចប់ត្រឹមនេះចុះ ហើយចាកចេញទៅ»។
គួរបញ្ជាក់ថា ការរិះគន់នយោបាយអន្តោប្រវេសន៍ ដោយចង់សំដៅលើការពង្រាត់កូនៗចេញពីឪពុកម្តាយរបស់ពួកគេនោះ គឺកំពុងតែក្លាយជាប្រធានបទក្តៅគគុក ទាំងក្នុងស្រុក និងអន្តរជាតិ ហើយសូម្បីតែមន្ត្រីកំពូលៗ នៃអង្គការសហប្រជាជាតិ និងលោកអគ្គលេខាធិការ UN ផងដែរ បានចេញមុខរិះគន់រហូតដល់អាមេរិកសម្រេចចិត្តដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិតែម្តង៕