(អឺរ៉ុប)៖ សង្រ្គាមពាណិជ្ជកម្ម​ដែលប្រកាស​ដោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាន់តែរីករាល​ដាលធំឡើង​ហើយ ដោយ​សហភាពអឺរ៉ុប​បានប្រកាសពី​វិធានការសងសឹក​ ដោយដំឡើងពន្ធលើផលិតផល​នាំចូលពីសហរដ្ឋអាមេរិក មានតម្លៃរាប់​ពាន់លានអឺរូ។ នេះ បើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមវិធានការ​របស់សហភាព​អឺរ៉ុប កតាព្វកិច្ចដំឡើងពន្ធ ២.៨ពាន់លានអឺរ៉ូ នឹងត្រូវចូល​ជាធរមាននៅ​ថ្ងៃសុក្រនេះ ហើយការ​ដំឡើងពន្ធនេះ​ទៀតសោត​ គឺមានគោលដៅ​លើ​ ស្រាវីស្គី ម៉ូតូ និងទឹកក្រូចស្រស់​ជាដើម។ បន្ថែមពីលើនេះ ប្រធាន​គណកម្មការអឺរ៉ុប លោក ហ្សង់ ក្លូដ ចាំងខឺ (Jean-Claude Juncker) បាន​អះអាងថា ការតម្លើងពន្ធរបស់​សហរដ្ឋអាមេរិក ប្រឆាំងនឹង​សហភាពអឺរ៉ុប​ គឺប្រឆាំងនឹងភាពត្រឹម​ត្រូវ និងប្រវត្តិសាស្ត្រ។

គួរបញ្ជាក់ថា ក្រៅតែពី​សហភាពអឺរ៉ុបឥណ្ឌាក៏បាន​ប្រកាសផងដែរថា នឹងតម្លើងពន្ធនាំចូល​លើផលិតផល ២៩មុខ នាំចូលពីសហរដ្ឋ​អាមេរិក ក្នុងនោះរួមមាន​ផលិតកសិកម្ម ដែកថែប​ជាដើម ដើម្បីសងសឹក​នឹងការតម្លើងពន្ធ ២៥ភាគរយ លើដែកថែប និង ១០ភាគរយ លើ​អាលុយមីញ៉ូម​របស់លោក ដូណាល់ ត្រាំ៕