(សាន់ហ្រ្វាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិក្រុមហ៊ុន (CEO) Intel លោក ប្រាយអេន កាហ្សានីច (Brian Krzanich) បានសម្រេចចិត្តលាលែងពីតំណែងហើយ ដោយសារតែលោកមានទំនាក់ទំនងត្រូវរ៉ូវគា្នជាមួយបុគ្គលិកម្នាក់ ដែលនេះជាការរំលោភលើ «គោលការណ៍មិនឱ្យមានភាពស្និទស្នាល» របស់ក្រុមហ៊ុនដ៏ល្បីលើសកលលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមហ៊ុន Intel បានឱ្យដឹងថា ផ្អែកលើការស៊ើបអង្កេត លោក Krzanich បានរំលោភលើគោលការណ៍ «មិនឱ្យមានភាពស្និទស្នាលជាមួយបុគ្គលិក» ដែលតម្រូវឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ត្រូវអនុវត្តន៍តាម។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ក៏បានអះអាងដែរថា សហនាយកនៃក្រុមប្រឹក្សាភិបាលបានទទួលយក លិខិតលាលែងពីតំណែងរបស់លោក Krzanich ហើយដែរ ខណៈប្រធានផ្នែកហិរញ្ញវត្ថុ លោក រ៉ូប៊ឺត ស្វាន (Robert Swan) ត្រូវបានក្រុមហ៊ុនតែងតាំងជា CEO ស្ដីទីបណ្ដោះអាសន្ន រហូតដល់ក្រុមហ៊ុនរក CEO អចិន្ត្រៃយ៍ម្នាក់ឱ្យបន្តដឹកនាំក្រុមហ៊ុន។
គួរជម្រាបថា លោក Brian Krzanich បានកាន់តំណែងជា CEO និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Intel អស់រយៈពេល ជាងពាក់កណ្ដាលទសវត្សរ៍មកហើយ (ជាង០៥ឆ្នាំ) មុននឹងលាលែងពីតំណែង៕