(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្តើម​កិច្ចពិភាក្សាថ្នាក់​ស្ថាប័ន​កាកបាតក្រហម ដើម្បីជជែកពី​បញ្ហាមនុស្សធម៌ រួមមាន​ការរៀប​ចំ​ឲ្យ​ជួប​ជុំគ្នានៃ​ក្រុមគ្រួសារកូរ៉េ ដែលបានបែក​បាក់កាលពីសម័យ​សង្រ្គាម​កូរ៉េជាដើម។ នេះបើតា​មសេចក្តីប្រកាសរបស់ ក្រសួងបង្រួបបង្រួម​កូរ៉េ​ខាង​ត្បូង ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

​គណៈប្រតិភូមក​ពីភាគីទាំងសងខាង​ បានចាប់ផ្តើមកិច្ច​ពិភាក្សា​ខាងលើ នៅព្រឹក​ថ្ងៃសុក្រនេះ តាមការគ្រោងទុក​នៅឯសណ្ឋាគារ​មួយកន្លែង ដែលស្ថិត​នៅលើភ្នំ​ទេសចរណ៍ គុមហ្គាង (Kumgang) របស់ប្រទេស​កូរ៉េខាងជើង។ ក្រុម​មន្រ្តី​កូរ៉េខាងត្បូង បានធ្វើដំណើរ​ទៅកាន់​ទីតាំង​ជំនួប តាមផ្លូវ​​​គោកមួយខ្សែ នៅតំបន់​ភាគ​ខាងកើត។

គួរជម្រាបថា ប្រធានបទស្នូលនៅលើ​តុពិភាក្សា គឺការរៀបចំ​ការជួបជុំនៃក្រុមគ្រួសារ​ ដែលបាន​ព្រាត់ប្រាស់​គ្នា។ ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀង​គ្នារៀបចំការជួបជុំ​ក្រុម​គ្រួសារកូរ៉េ នៅខ្ទង់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំនេះ បន្ទាប់ពីមេដឹកនាំ​ទាំងពីរបាន​បើកកិច្ចប្រជុំ​កំពូល​លើកទីមួយ កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ៕