(វ៉ាស៊ីនតោន)៖ ជំទាវទីមួយ​អាមេរិក គឺលោកស្រី មេឡានៀ ត្រាំ (Melania Trump) បានបំពេញ​ដំណើរទស្សនកិច្ច​ដ៏ភ្ញាក់ផ្អើល អមជាមួយ​ការរិះគន់ផងដែរ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅ​អាមេរិក) ទៅកាន់តំបន់​ព្រំដែន​រវាង​អាមេរិក- មិចស៊ីកូ ខណៈរដ្ឋបាល​ប្ដីរបស់លោកស្រី​ កំពុងទទួលការរិះគន់​យ៉ាងខ្លាំង​ ជុំវិញគោលនយោបាយ​បំបែកបាក់គ្រួសារ​ជន​អន្តោប្រវេសន៍​។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

លោកស្រី Melania Trump បានធ្វើដំណើរទៅកាន់ទីក្រុង ម៉ាកអាល់ឡេន (McAllen) នៃរដ្ឋ តិចសាស់ (Texa)​ បំពេញទស្សនកិច្ច​នៅឯមជ្ឈមណ្ឌល (Upbring New Hope Children Center) ជាដែលកុមារ ៥៥នាក់​​មានអាយុពី ០៥ឆ្នាំ ដល់ ១៧ឆ្នាំ មកពីប្រទេស ហុងឌូរ៉ាស់ (Honduras), ហ្គាតេម៉ាឡា (Guatemala) និង អែលសាលវ៉ាឌ័រ (El Salvador) កំពុងស្នាក់នៅ។

បន្ថែមពីលើនេះ ថ្លែងនាឱកាស​នោះលោកស្រី Melania បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយ​ណាស់​ដែល​បានមកទីនេះ ហើយខ្ញុំកំពុង​អន្ទះសា​ជួយក្មេងទាំង​អស់នេះ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់សួរ​អ្នក​ដែរថា តើខ្ញុំត្រូវធ្វើដូចម្ដេច​ជួយឱ្យក្មេង ទាំងនេះជួប​ជុំឪពុកម្ដាយរបស់​ពួកគេឡើងវិញ»។ ប៉ុន្តែទន្ទឹមគ្នា អ្នកលេង​បណ្ដាញ Twitter បានបង្ហោះសាររិះគន់​លោស្រីចាស់ដៃ រឿងពាក់អាវក្រៅ​មានសរសេរ​អក្សរជាភាសា អង់គ្លេស​ថា «I really don't care do u?» ឬមាន​ន័យថា «ខ្ញុំពិតជាមិន​ខ្វល់ទេ ចុះអ្នកវិញ?»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច​របស់លោកស្រី Melania Trump កើតមានឡើង​តែមួយថ្ងៃប៉ុណ្ណោះ​បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើបទបញ្ជា​​ប្រតិបត្តិ​មួយ ដើម្បីបញ្ចប់​​គោលនយោបាយ​បំបែកបំបាក់​កុមារចេញពី​ឪពុក​ម្ដាយរបស់​ពួកគេ​​​ ដែលត្រួវ​បានអាជ្ញាធរអាមេរិក​​ចាប់ខ្លួន ពីបទឆ្លងដែន​ខុសច្បាប់​ចូល​សហរដ្ឋអាមេរិក​​ពីម៉ិចស៊ីកូ។

យ៉ាងណា​ក៏ដោយ គេមិនទាន់ដឹងច្បាស់ថា បទបញ្ជានេះនឹង​ត្រូវអនុវត្តន៍​នៅ​ពេលណា​នោះទេ។ ចំណែកឯ​ការឃុំខ្លួន​កុមារ និងឪពុកម្ដាយ​ជាជន​អន្តោប្រវេសន៍​ខុសច្បាប់​រួមគ្នា ធ្វើឡើងតែ​ក្នុងករណី​​មានការព្រួយបារម្ភ​​ពីសុខមាលភាព​របស់​កុមារ​តែប៉ុណ្ណោះ ហើយគេ​ក៏មិនដឹងថាវានឹងមាន​រយៈពេល​យូរ​ប៉ុណ្ណា​ដែរ៕