(ម៉ានីល)៖ ហ្វីលីពីន​បានបញ្ជាក់ថា ខ្លួនពុំមាន​បំណងដកខ្លួនចេញ​ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ (UNHRC) ឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

ការបញ្ជាក់​អះអាងខាង​លើនេះ ត្រូវបានធ្វើឡើងដោយ​អ្នកនាំពាក្យប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ គឺលោក ហារី រ៉ូក (Harry Roque) ជាការឆ្លើយ​តបចំពោះ​សំណួរ​ថា តើការដកខ្លួន​របស់​សហរដ្ឋអាមេរិកពី UNHRC គឺជាការបង្ហាញ​ពីភាពត្រឹមត្រូវ​ នៃគោលជំហរដ៏រឹង​មាំរបស់​ប្រធានាធិបតី​ហ្វីលីពីន​ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រឆាំងនឹង​ឧត្តមស្នងការ​នៃស្ថាប័ននេះ គឺ​លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) ដែរ ឬយ៉ាងណា។

គួរជម្រាបថា កាលពី​ខែកញ្ញា ឆ្នាំ២០១៧ ឧត្តមស្នងការ UNHRC បានបង្ហាញក្តី​ព្រួយបារម្ភ​ក្រៃលែង​ ជុំវិញបញ្ហា​ជាច្រើន រួមមានទាំងការ​​សម្លាប់ជីវិត​ជនសង្ស័យ និងអ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅប្រទេស​ហ្វីលីពីន។ កាលពីខែមេសា​កន្លងទៅនេះ សម្តីរបស់​លោក Al Hussein បានធ្វើ​ឲ្យលោក ឌូតឺតេ ក្តៅស្លឹកត្រចៀក​ជាខ្លាំង ដែលបណ្តាល​ឲ្យ​បុរសខ្លាំងហ្វីលីពីន​រូបនេះ តិះដៀលមិនសំចៃ​មាត់ដាក់លោក​ឧត្តមស្នង​ការ​ UNHRC ថែមទៀតផង៕