(តូក្យូ)៖ ភ្នំភ្លើងស៊ីនម៉ឺ (Shinmoe) ដែលស្ថិតនៅចន្លោះខេត្ត ខាហ្គោស៊ីម៉ា (Kagoshima) និង មីយ៉ាហ្សាគី (Miyazaki) នៃប្រទេសជប៉ុនបានផ្ទុះឡើងជាថ្មីម្តងទៀតនាព្រឹកថ្ងៃសុក្រនេះ ដោយបានជះកម្អែរផេះឡើងលើអាកាសរាប់គីឡូម៉ែត្រ។ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារ JMA ការផ្ទុះដ៏កក្រើកសាជាថ្មីម្តងទៀតនៅឯភ្នំភ្លើងជប៉ុន Shimoe ភាគនិរតីនៃប្រទេសជប៉ុននេះ បានបណ្តាលឲ្យពពកផ្សែង និងកម្អែរផេះ ជះឡើងទៅលើផ្ទៃអាកាសកម្ពស់ដល់ទៅ ២,៣០០ម៉ែត្រ ចេញពីមាត់របស់វា។ ជាមួយគ្នានេះ JMA បានបន្តរក្សាកម្រិតប្រុងយ័ត្ននៃភ្នំភ្លើងនេះនៅកម្រិតលេខ ៣ ក្នុងចំណោមកម្រិតខ្ពស់បំផុត ៥ ដែលព្រមានមិនឲ្យមានការចូលមកក្បែរភ្នំភ្លើង ដែលមានកម្ពស់ ១,៤២១ម៉ែត្រនេះឡើយ។
គួរជម្រាបថា ភ្នំភ្លើង Shinmoe កាលពីខែមីនាកន្លងទៅ ក៏បានផ្ទុះជះកម្អែរផេះឡើងទៅផ្ទៃអាកាស កម្ពស់រាប់ពាន់ម៉ែត្រផងដែរ៕