(ម៉ាស្សាជូសេតស៍)៖ អាជ្ញាធរអាមេរិក កំពុងបើកការស៊ើបអង្កេតលើករណីបាញ់ប្រហារមួយ ដែលបណ្ដាលបុរសម្នាក់ស្លាប់ (ជនជាតិខ្មែររស់នៅអាមេរិក) នៅក្នុងទីក្រុងឡូយវ៉ែល (Lowell) រដ្ឋម៉ាស្សាជូសេតស៍ (Massachusetts) កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
ជុំវិញករណីបាញ់ប្រហារនេះដែរ ប៉ូលិសក្នុងទីក្រុង Lowell បានឱ្យដឹងថាបុរសបីនាក់ត្រូវគេបានបាញ់ប្រហារ នៅផ្លូវ Smith and Westford ដោយបុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែង ហើយពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរនៅក្នុងតំបន់។ ប៉ុន្តែ ពុំទាន់មានជនសង្ស័យណាម្នាក់ត្រូវចាប់ខ្លួន រីឯមូលហេតុនៃករណីបាញ់ប្រហារនេះក៏មិនទាន់មានការបញ្ជាក់នៅឡើយដែរ។
គួរបញ្ជាក់ថា អាជ្ញាធរមិនបានបញ្ចេញពីអត្តសញ្ញាណអ្នកស្លាប់ឡើយ តែសមាជិកគ្រួសារជនរងគ្រោះបានប្រាប់ NBC ថា បុរសម្នាក់ដែលស្លាប់នោះមានឈ្មោះ Saron Yut ជនជាតិខ្មែរ មានអាយុ ៣៣ឆ្នាំ និងជាឪពុកក្មេងពីរនាក់ ដែលបម្រើការងារនៅ Market Basket និងរស់នៅជាមួយមនុស្សម្នាក់ក្នុងចំណោមអ្នករងបួស៕