(អង់ការ៉ា)៖ នៅទីបំផុតប្រទេសតួកគី បានទទួលយន្ដហោះចម្បាំង F-35 ពីរគ្រឿងដំបូងពីសហរដ្ឋអាមេរិក ប៉ុន្តែយន្ដហោះទាំងពីរគ្រឿងនេះ មិនអាចយកចេញពីសហរដ្ឋអាមេរិកឡើយរហូតដល់ដំណាច់ឆ្នាំ២០១៩ ស្របពេលសភាអាមេរិកកំពុងស្វះស្វែងអនុម័ត ច្បាប់រារាំងការលក់អាវុធឱ្យទីក្រុងអង់ការ៉ា ដោយសារការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
ពិធីប្រគល់យន្ដហោះចម្បាំង F-35 ពីរគ្រឿងដំបូង បានប្រព្រឹត្តទៅនៅឯរោងចក្រក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ក្នុងទីក្រុង ហ្វត វើសថ៍ (Fort Worth) នៃរដ្ឋ តិចសាស់ (Texas) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែរដ្ឋាភិបាលវ៉ាស៊ីនតោន បានបញ្ជូនត្រឹមតែមន្ត្រីតំណាងក្នុងតំបន់របស់ខ្លួន ឱ្យទៅចូលរួមក្នុងពិធីប្រគល់នេះជាមួយអនុរដ្ឋលេខាធិការ នៃឧស្សាហកម្មការពារជាតិតួកគី (Turkey’s Deputy Undersecretary of Defense Industries) លោក ស៊ែរដារ ដេមីរែល (Serdar Demirel)។
គួរបញ្ជាក់ថា នៅក្រោយពិធីប្រគល់នេះ តួកគីមិនអាចយកយន្ដហោះចម្បាំង F-35 ពីរគ្រឿងដំបូងត្រឡប់ទៅផ្ទះនោះទេ ដោយវាត្រូវបញ្ជូនបន្តទៅកាន់មូលដ្ឋានទ័ពអាកាស លូកេ (Luke) ក្នុងរដ្ឋ អារីហ្សូណា (Arizona) ជាទីដែលពីឡុត និងអ្នកបច្ចេកទេសតួកគី អាចធ្វើការសាកល្បង និងរៀនហោះហើរ។ ពោលគឺចាំមើលរហូតដល់ដំណាច់ឆ្នាំ២០១៩ ទើបយន្ដហោះចម្បាំងទាំងនេះត្រូវបានគេបញ្ជូនទៅកាន់តួកគី៕