(ម៉ូស្គូ)៖ អតីតម្ចាស់ជើងឯក World Cup ពីរសម័យកាល អាហ្សង់ទីន ធ្លាប់មានប្រវត្តិជួបគ្នាជាមួយក្រូអាត ៤ដងមកហើយ។ ជំនួប ៤ដងពីអតីតកាល អាហ្សង់ទីនឈ្នះ២ដង ស្មើម្តង និងចាញ់ម្តង សម្រាប់ម៉ោង ១រំលងអាធ្រាត្រនេះនៅ World Cup 2018 លើទឹករុស្ស៊ីវិញ តើអាហ្សង់ទីនអាចយកឈ្នះក្រូអាតបានដែរឬទេ ខណៈក្រុមខ្លាំងមួយនេះត្រូវការពិន្ទុជាចាំបាច់។

អាហ្សង់ទីនធ្លាប់បានយកឈ្នះក្រុមនៅអឺរ៉ុប ក្រូអាត ២-១ កាលជួបគ្នាចុងក្រោយក្នុងឆ្នាំ២០១៤ នៃជំនួបមិត្តភាពអន្តរជាតិ និងឈ្នះ ១-០ ក្នុង World Cup 1998 នៅប្រទេសបារាំង និងស្មើម្តង ០-០ នាឆ្នាំ១៩៩៤ និងចាញ់ ៣-២ កាលពីឆ្នាំ២០០៦។

ក្រូអាត ជាក្រុមដែលកំពុងឈរនៅលេខ១ ប្រចាំពូល D បណ្តោះអាសន្ន ដោយមាន៣ពិន្ទុច្រើនជាងគេ បន្ទាប់ពីយកឈ្នះនីហ្សេរីយ៉ា ២-០ នៅជើងទី១ ស្របពេលអាហ្សង់ទីន លេងបានត្រឹមស្មើ (១-១) ជាមួយក្រុមអឺរ៉ុប អាយឡែន ដែលទើបមាន ១ពិន្ទុឈរនៅលេខរៀងទី២, អាយឡែន លេខ៣ និងនីហ្សេរីយ៉ា បាតតារាងគ្មានពិន្ទុរាប់ឡើយ៕