(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សារព័ត៌មាន Gulf News បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតមានគំរោងជីកព្រែកមួយ នៅតាមបណ្ដោយព្រំដែនជាប់ប្រទេសកាតា ដើម្បីកាត់ផ្ដាច់អ្នកក្បែរខាងរបស់ខ្លួនមួយនេះ ពីដីគោកឱ្យកា្លយទៅជាកោះតែលតោលមួយ ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅតែពុំទាន់អាចផ្សះផ្សាបាន៕
២៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសាធារណៈមតិទាំងជាតិ និងអន្តរជាតិ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបញ្ចប់គោលនយោបាយបំបែកបំបាក់កុមារ ចេញពីឪពុកម្ដាយរបស់ ពួកគេដែលត្រួវ បានអាជ្ញាធរអាមេរិកចាប់ខ្លួន ពីបទឆ្លងដែនខុសច្បាប់ចូលសហរដ្ឋអាមេរិកពីម៉ិចស៊ីកូ៕
៣៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានអះអាងថា លោកមិនគួរត្រូវបានគេបន្ទោសក្នុងរឿងអាស្រូវ ពុករលួយមូលនិធិរដ្ឋ 1MDB នោះឡើយ ដោយសារតែលោកមិនបានដឹងទាល់តែសោះថា ហេតុអ្វីបានជាមូលនិធិរដ្ឋរាប់លានដុល្លារ រត់ចូលក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក៕
៤៖ អ្នកបុរាណវិទ្យាមួយក្រុមបានរកឃើញទីតាំងផ្ទាំងហ្វូស៊ីល (Fossil) មួយកន្លែង ដែលមានផ្ទុកនូវដានជើងសត្វដាយណូស័រជាច្រើនពូជខុសៗគ្នា នៅឯខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន ខណៈដែលហ្វូស៊ីលនៃដងខ្លួនសត្វយក្សទាំងនោះ ពុំត្រូវបានគេរកឃើញនោះទេ៕
៥៖ កងទ័ពស៊ីរីបានអះអាងថា ខ្លួនបានវាយដណ្ដើមយកតំបន់វាលរហោស្ថានជាង ៤,៥០០គីឡូម៉ែត្រក្រឡាពីក្រុមសកម្មប្រយុទ្ធ ISIS នៅតាមផ្នែកជាច្រើននៃប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕
៦៖ កន្លែងធ្វើតេស្តម៉ាស៊ីនបាញ់មីស៊ីល ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក គីម ជុងអ៊ុន បានប្តេជ្ញាកម្ទេចចោលនោះ គឺជាទីតាំងដ៏ធំមហិមាមួយ ស្ថិតនៅភាគខាងលិចប្រទេសកូរ៉េខាងជើង ដែលកន្លងមករដ្ឋកុម្មុយនិស្តនេះ តែប្រើប្រាស់ដើម្បីធ្វើតេស្តម៉ាស៊ីនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ៕