(អាមេរិក)៖ យានរុករកដើរដោយថាមពលព្រះអាទិត្យ Opportunity របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងប្រឈមនឹងបញ្ហាដ៏យ៉ាប់យឺនបំផុតមួយនៃបេសកកម្មរយៈពេល ១៤ឆ្នាំ របស់វានៅលើផ្ទៃនៃភពព្រះអង្គារ (Mars) ខណៈដែលព្យុះធូលីដ៏ធំសម្បើម ដែលកើតឡើងកាលពីពេលថ្មីៗនេះ បានបន្តគ្របដណ្តប់ពាសពេញ Mars និងប្រែក្លាយពេលថ្ងៃឲ្យទៅជាពេលយប់តែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
បើតាមការឲ្យដឹងពី NASA ព្យុះធូលីយក្សខាងលើ នាពេលនេះបានគ្របដណ្តប់ពេញភពអង្គារទាំងមូលតែម្តង ដោយពពកធូលីបានឈានដល់កម្ពស់ខ្ពស់រហូតដល់ជាង ៦០គីឡូម៉ែត្រ ឯណោះ។ ជាមួយគ្នានេះយានរុករក Curiosity ដែលដើរដោយថាមពលនុយក្លេអ៊ែរ កំពុងធ្វើការសិក្សាទៅលើឥទ្ធិពលនៃព្យុះនេះពីផ្ទៃរបស់ភពអង្គារ ខណៈពុំមានសញ្ញាទទួលបានពីយានរុករក Opportunity នោះឡើយ ព្រោះវាបានបញ្ឈប់សកម្មភាពដោយសារតែផ្ទាំងស្រូបថាមពលព្រះអាទិត្យរបស់វា មិនអាចផ្តល់ ឬសាកថ្មរបស់យាននេះបាន។
ក្នុងស្ថានភាពដែលអាក្រក់កម្រនឹងកើតឡើងនេះ មានតែយាន Curiosity ប៉ុណ្ណោះ ដែលអាចមានឱកាសផ្តល់ចម្លើយសម្រាប់សំណួរ ពាក់ព័ន្ធនឹងរយៈពេលនៃព្យុះធូលី ដ៏ធំមហិមានៅលើភពអង្គារនេះ។ ដោយឡែកការស្រោចស្រង់យាន Opportunity នឹងត្រូវធ្វើពេលដែលស្ថានការណ៍ស្ងប់ស្ងាត់។
គួរជម្រាបថា ព្យុះធូលីតែងតែកើតមានឡើងជារឿយៗនៅលើភពអង្គារ ជាពិសេសនោះគឺនៅនិទាឃរដូវ និងរដូវក្តៅរបស់ភពក្រហមនេះ នៅពេលវាខិតនៅជិតនឹងព្រះអាទិត្យ ហើយដោយសារតែភពនេះមានបរិយាកស្តើង និងដែនម៉ាញេទិចខ្សោយបំផុត នោះឥទ្ធិពលនៃព្យុះព្រះអាទិត្យ គឺត្រូវបានភពអង្គារទទួលយកស្ទើរតែទាំងអស់៕