(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) ទីបំផុតដល់ថ្ងៃឆ្លងទន្លេដោយបានផ្តល់កំណើត ឲ្យកូនដំបូងដ៏ស្រស់ស្អាតម្នាក់ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
ទារិកាខាងលើមានទម្ងន់ ៣.៣១គីឡូក្រាម និងបានកើតនាវេលាម៉ោង ០៤៖៤៥នាទីល្ងាច (ម៉ោងក្នុងតំបន់់) នៅមន្ទីរពេទ្យនៃទីក្រុង អកឡេនដ៍ (Auckland) ដែលប្រការនេះធ្វើឲ្យលោកស្រី Jacinda Ardern គឺជានាយករដ្ឋមន្រ្តីនូវែលេសឡង់ដំបូងគេ ដែលបានផ្តល់កំណើតឲ្យកូន ស្របពេលកំពុងកាន់តំណែងជាមេដឹកនាំប្រទេស និងជារឿងកម្រមាននៅក្នុងចំណោមមេដឹកនាំឯទៀតៗលើពិភពលោក។
គួរជម្រាបថា លោកស្រី Ardern បានប្រកាសពីការមានផ្ទៃពោះរបស់លោកស្រី នៅប៉ុន្មានខែក្រោយពីលោកស្រី បានដឹកនាំគណបក្សពលករទទួលជោគជ័យក្នុងការចរចាបង្កើតរដ្ឋាភិបាលចំរុះ កាលពីខែតុលា ឆ្នាំទៅមិញ៕