(សេអ៊ូល)៖ ចិនត្រូវបានគេមើលឃើញថា កំពុងបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ព្រមទាំងពង្រឹងឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី រវាងប្រទេសទំាងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ លោក គីម ជុងអ៊ុន មកកាន់ទីក្រុងប៉េកាំងនាពេលថ្មីៗ នេះ ប៉ុន្តែក៏មានការរិះគន់ដែរថា ចិនកំពុងតែធ្វើផ្ទុយពីអ្វីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
ការបន្ធូរបន្ថយទណ្ឌកម្ម អាចនឹងធ្វើឡើងជាពិសេសក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍។ ជាក់ស្ដែងប្រព័ន្ធផ្សព្វផ្សាយចិននៅ ថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា អាជ្ញាធរទីក្រុង ហ្ស៊ីអាន (Xian) នៃខេត្ត សានស៊ី (Shaanxi) ទើបតែសម្រេចចិត្តថា នឹងបើកផ្លូវហោះហើរដោយផ្ទាល់ ទៅកាន់ទីក្រុងព្យុងយ៉ាង នៅខែកក្កដាខាងមុខនេះ។
បន្ថែមពីលើនេះ បើតាមការគ្រោងទុកនៅឯពិធីសម្ភោធផ្លូវហោះហើរ ព្យុងយ៉ាង - Xian ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo នឹងហោះហើរមកកាន់ទីក្រុងចំនួន០៥ របស់ចិនក្នុងនោះរួមមាន ទីក្រុង Xian, ប៉េកាំង, សេនយ៉ាង (Shenyang), សៀងហៃ (Shanghai) និងក្រុងជឹងទូ (Chengdu)។
គួររលឹកថា ដោយសារតែមានសម្ពាធពីសហរដ្ឋអាមេរិក ទីក្រុងប៉េកាំង បានចូលរួមជាមួយនឹងអន្តរជាតិក្នុងការអនុវត្តទណ្ឌកម្ម UN ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង សម្រាប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ កាលពីឆ្នាំ២០១៧។ ប៉ុន្តែការសម្រេចចិត្តបន្ធូរបន្ថយទណ្ឌកម្មនេះ គឺផ្ទុយពីអ្វីដែល UN និងសហរដ្ឋអាមេរិកត្រូវការនោះ គឺគ្មានឡើយការបន្ធូរបន្ថយ ឬដកទណ្ឌកម្ម រហូតទាល់តែកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងជាមុនសិន៕