(វ៉ាស៊ីនតោន)៖ សេតវិមានបានបញ្ចេញរបាយការណ៍មួយ ដែលរៀបរាប់ពីសមត្ថភាពប្រុងជើងការរបស់សហរដ្ឋអាមេរិក ចំពោះអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយទាំងឡាយ ដែលមានគន្លងធ្វើដំណើរនៅរយៈចម្ងាយប្រហែល ៤៨លានគីឡូម៉ែត្រ ពីផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
របាយការណ៍ខាងលើ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិអវកាស និងបច្ចេកវិទ្យារបស់សេតវិមាន ដើម្បីលើកឡើងពីដំណោះស្រាយសម្រាប់គ្រោះថ្នាក់ នៃឥទ្ធិពលរបស់វត្ថុអវកាសជិតផែនដី ដែលគេហៅថា NEO នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ ប៉ុន្តែពុំមាន NEO ណាមួយនាពេលបច្ចុប្បន្ននេះ បង្កហានិភ័យខ្ពស់ឡើយនៃការមកបុកចំផែនដីឡើយ។
របាយការណ៍ដដែលបានឲ្យដឹងថា សមត្ថភាពរបស់អាមេរិកក្នុងការវាយតម្លៃលើហានិភ័យ នៃការធ្លាក់មកបុកផែនដីរបស់ NEO ព្រមទាំងការរុករក និងចាត់ថ្នាក់នៃចំនួន NEO មានភាពប្រសើរឡើង ប៉ុន្តែសមត្ថភាពសង្កេតនាពេលបច្ចុប្បន្ន គឺសាកសមសម្រាប់តែតាមស្វែងរក បានតិចជាងពាក់កណ្តាលប៉ុណ្ណោះនូវ NEO ទាំងអស់ដែលមានមុខកាត់ប្រវែង ១៤០ម៉ែត្រ នៅឆ្នាំ២០៣៣។ សម្រាប់ NEO ធំៗដែលមានមុខកាត់លើសពី ១៤០ម៉ែត្រ គឺមានលទ្ធភាពអាចនឹងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅក្នុងតំបន់ និងទ្វីបទាំងមូល។
ជាមួយគ្នានេះ ទីភ្នាក់ងារអវកាសអាមេរិក NASA រួមជាមួយដៃគូសហការនានារបស់ខ្លួន បានចាត់ថ្នាក់អាចម៍ផ្កាយកៀកផែនដី ប្រមាណមួយភាគបីនៃចំនួនប៉ាន់ស្មានសរុបប្រហែល ២៥,០០០ដុំ ដែលមានមុខកាត់យ៉ាងតិច ១៤០ម៉ែត្រ។ របាយការណ៍ខាងលើ ក៏មានដាក់គោលដៅមួយចំនួន រួមមានការបង្កើនសមត្ថភាពចាប់សញ្ញា NEO ការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់បេសកកម្មបំផ្លាត និងទប់ស្កាត់អាចម៍ផ្កាយ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕