(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើងបានប្រគល់អដ្ឋិធាតុទាហានអាមេរិក ២០០ នាក់ ដែលស្លាប់ចោលឆ្អឹងនៅក្នុងសង្រ្គាមកូរ៉េ ត្រឡប់មកវិញហើយ បើទោះជាពុំទាន់មានការទទួលស្គាល់ជាផ្លូវការណាមួយពីយោធា អាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងពិធីជួបជុំមួយក្នុងទីក្រុង Duluth រដ្ឋ Minnesota នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖ «យើងបានទទួលអដ្ឋិធាតុវិរៈបុសរបស់យើងត្រឡប់មកវិញហើយ ដោយអដ្ឋិធាតុទាហានអាមេរិក២០០នាក់ ត្រូវបានប្រគល់ត្រឡប់ មកវិញនៅថ្ងៃនេះ»។
គួរបញ្ជាក់ថា ការអះអាងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើង បន្ទាប់ពីមន្ត្រីអាមេរិកពីររូបបានប្រាប់ Reuters ថាកូរ៉េខាងជើងអាចនឹង ប្រគល់អដ្ឋិធាតុទាហានអាមេរិក ទៅឱ្យទីបញ្ជាការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗមុននឹងអដ្ឋិធាតុ ទាំងនេះត្រូវបញ្ជូនបន្តទៅកាន់មូលដ្ឋានទ័ពអាកាស ហ៊ីកខាំ (Hickam) ក្នុងរដ្ឋហាវ៉ៃ។
ជាមួយគ្នានោះដែរ បើតាមទិន្នន័យរបស់យោធាអាមេរិក ទាហានអាមេរិកច្រើនជាង ៣៦,៥០០នាក់ បានសម្លាប់នៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) រីឯកូរ៉េខាងជើងវិញមានអដ្ឋិធាតុកងទ័ពអាមេរិក ២០០នាក់ នៅក្នុងដៃ។ ចំណែកឯ ការប្រគល់អដ្ឋិធាតុទាហានអាមេរិកលើកចុងក្រោយ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៧ នៅពេលដែលអភិបាលរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) លោក ប៊ៀល រីឆាដសុន (Bill Richardson) បំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង៕