(យូអិន)៖ កៅអីដែលនៅទំនេរក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UNHRC) ដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក នឹងត្រូវបំពេញដោយប្រទេសជាសមាជិក ដែលមកពីតំបន់ដូចគ្នា។ នេះបើតាមអ្នកនាំពាក្យរបស់លោក Miroslav Lajcak ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាំពាក្យខាងលើគឺលោក Brenden Varma បាននិយាយថា សេចក្តីសម្រេចរបស់មហាសន្និបាត ដែលបានបង្កើតក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីឆ្នាំ២០០៦ ពុំមានផ្ទុកនូវខ្លឹមសារយោងណាមួយអំពីលទ្ធភាពនៃការដកខ្លួនចេញនៃសមាជិករបស់ក្រុមប្រឹក្សាឡើយ ប៉ុន្តែសេចក្តីសម្រេចកាលនោះ មានផ្តល់នូវរបាយភូមិសាស្រ្តនៃសមាជិកទាំង៤៧ប្រទេសរបស់ក្រុមប្រឹក្សា។ ដូច្នេះហើយ កៅអីដែលបន្សល់ទុកដោយសហរដ្ឋអាមេរិក នឹងត្រូវបំពេញតាមរយៈការបោះឆ្នោតនៅមហាសន្និបាត ដើម្បីជ្រើសរើសបេក្ខភាពមកពីក្រុមប្រទេសដូចគ្នា គឺ ក្រុមអឺរ៉ុបខាងលិចនិងផ្សេងទៀត ដែលគេហៅថា Western European and Others Group។
លោក Varma បានបញ្ជាក់ថា «ដោយសារតែសហរដ្ឋអាមេរិក គឺជាសមាជិកដំបូងបំផុត ដែលដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺមិនធ្លាប់មានការអនុវត្តន៍ណាមួយកាលពីមុនមក ស្តីពីនីតិវិធីនៃការដកខ្លួនឬដាក់សមាជិកជំនួសវិញឡើយ ដូច្នេះហើយ យើងកំពុងរិះរកមើលជំហានបន្ទាប់ទៀត ប៉ុន្តែជាជំហានដំបូង មហាសន្និបាត កំពុងនៅរង់ចាំការជូនដំណឹងជាផ្លូវការនៃការដកខ្លួនរបស់អាមេរិក»។
គួរជម្រាបថា សមាជិកនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តែងត្រូវបានបោះឆ្នោតជ្រើសរើសជារៀងរាល់ឆ្នាំ នៅឯមហាសន្និបាត សម្រាប់អាណត្តិរយៈពេល៣ឆ្នាំ ដោយឈរលើមូលដ្ឋាននៃក្រុមតំបន់។ សហរដ្ឋអាមេរិក គឺកំពុងតែស្ថិតនៅពាក់កណ្តាលអាណត្តិ២០១៦-២០១៩ នៅពេលដែលខ្លួនបានប្រកាសដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
គួរបញ្ជាក់ផងដែរថា ប្រទេសចំនួន១៩២ក្នុងចំណោមសមាជិក UN ទាំង១៩៣ ត្រូវបានបែងចែកពីក្រុមតំបន់ចំនួន០៥ រួមមាន៖ ក្រុមអាហ្រ្វិក មាន៥៤ប្រទេស, ក្រុមអាស៊ី-ប៉ាស៊ីហ្វិក មាន៥៣ប្រទេស, ក្រុមអឺរ៉ុបខាងកើត មាន២៣ប្រទេស, ក្រុមអាមេរិកឡាទីននិងការីបៀន មាន៣៣ប្រទេស, និងចុងក្រោយក្រុមអឺរ៉ុបខាងលិចនិងផ្សេងទៀត មាន២៨ប្រទេស បូក១ប្រទេសទៀត គឺសហរដ្ឋអាមេរិក ដើរតួនាទីជារដ្ឋសង្កេតការណ៍៕