កងទ័ពស៊ីរីប្រកាសជោគជ័យ «ដោយទើបដណ្តើមបានដី៤,៥០០គីឡូម៉ែត្រក្រឡា» ពីកណ្តាប់ដៃ ISIS
21-06-2018 11:22
(ដាម៉ាស់)៖ កងទ័ពស៊ីរីបានអះអាងថា ខ្លួនបានវាយដណ្ដើមយកតំបន់វាលរហោស្ថានជាង ៤,៥០០គីឡូម៉ែត្រក្រឡាពីក្រុមសកម្មប្រយុទ្ធ ISIS នៅតាមផ្នែកជាច្រើននៃប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាម SANA ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ផ្អែកលើប្រភពពីកងទ័ពស៊ីរីបានឱ្យដឹងទៀតថា ការវាយប្រយុទ្ធគ្នាភាគច្រើន កើតមានឡើងនៅភាគខាងកើតប្រទេសស៊ីរី ជាទីដែលកងទ័ពរដ្ឋាភិបាល បានវាយដណ្ដើមផ្ទៃដី ២,៤០០គីឡូម៉ែត្រក្រឡា នៅភាគខាងកើតទីក្រុងបុរាណ ផាល់ម៉ៃរ៉ា (Palmyra) នៅភាគកណ្ដាលប្រទេសស៊ីរី ស្ថិតនៅក្បែរព្រំដែនអ៊ីរ៉ាក់។
ដោយឡែក នៅឯខេត្ត ឌែរអាល់ហ្សួរ (Deir al-Zour) នៃភាគខាងកើតប្រទេស កងទ័ពស៊ីរី ក៏បានរំដោះផ្ទៃដី១,២០០គីឡូម៉ែត្រក្រឡាផងដែរ ក្រោយវាយបណ្ដេញពួក ISIS ខណៈពួកបានគេវាយយកផ្ទៃដី ១,៣០០គីឡូម៉ែត្រ ក្រឡាពីពួកភេរវករមួយនេះមកវិញ នៅឯតំបន់ភាគខាងត្បូងទីក្រុងដាម៉ាស់។
គួរជម្រាបថា តំបន់ដែលកងទ័ពស៊ីរីវាយដណ្ដើមយកមកវិញ ភាគច្រើនគឺស្ថិតតំបន់វាលរហោស្ថាន ជាទីដែល ISIS នៅតែបន្តគ្រប់ គ្រប់តំបន់មួយចំនួន និងអាចបង្កើនកម្លាំងដើម្បីវាយប្រហារមកលើរដ្ឋាភិបាលស៊ីរីវិញ៕