(វ៉ាស៊ីនតោន)៖ កន្លែងធ្វើតេស្តម៉ាស៊ីនបាញ់មីស៊ីល ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក គីម ជុងអ៊ុន បានប្តេជ្ញាកម្ទេចចោលនោះ គឺជាទីតាំងដ៏ធំមហិមាមួយ ស្ថិតនៅភាគខាងលិចប្រទេសកូរ៉េខាងជើង ដែលកន្លងមករដ្ឋកុម្មុយនិស្តនេះ តែប្រើប្រាស់ដើម្បីធ្វើតេស្តម៉ាស៊ីនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១២ ខែមិថុនាថា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានសន្យាបិទទីតាំងធ្វើតេស្ដមីស៊ីលមួយរបស់ខ្លួន។ ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ឈ្មោះទីតាំងធ្វើតេស្ដមីស៊ីលនេះឡើយ។ ដោយឡែក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ទើបមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបង្ហើប ថា ទីតាំងធ្វើតេស្ដមីស៊ីលនេះឈ្មោះ សូហែ (Sohae) ហើយវាត្រូវបានទីក្រុងព្យុងយ៉ាង ប្រើប្រាស់តេស្តសាកល្បង ម៉ាស៊ីបាញ់មីស៊ីលរយៈចំងាយឆ្ងាយ ដែលខ្លួនអះអាងថា អាចបាញ់ដល់សហរដ្ឋអាមេរិក។
តែទោះជាយ៉ាងណា មន្ត្រីរូបនេះនៅតែមិនទាន់បញ្ជាក់ពីពេលវេលាបិទ ទីតាំងធ្វើតេស្ដមីស៊ីលនេះពិតប្រាកដនៅឡើយទេ។ លើសពីនេះទៅទៀត កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីអាមេរិកក៏បានទម្លាយដែរថា កូរ៉េខាងជើងមានរោងចក្រផលិតគ្រឿងបរិក្ខាពាក់ព័ន្ធនឹង គ្រាប់មីស៊ីល- នុយក្លេអ៊ែរ រហូតដល់ទៅ ៣,០០០កន្លែងឯណោះ។ ដូច្នេះវាពិតជាពិបាកណាស់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរឱ្យបានលឿន តាមការចង់បានរបស់សហរដ្ឋអាមេរិក ដ្បិតបើវាជាការពិត នោះការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងនឹងត្រូវប្រើពេលវេលាយូរ ព្រមទាំងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់៕